កោះកុងៈ អាកាសយានដ្ឋានតារាសាគរដែលស្ថិតនៅក្នុងខេត្តកោះកុង រួមជាមួយគម្រោងវិនិយោគជាជំហានដំបូងចំនួន២,២ពាន់លានដុល្លារ គ្រោងនឹងបញ្ចប់ការសាសងសង់នៅត្រឹមខែឧសភា ឆ្នាំ២០២០ ខណៈដែលការហោះហើរសាកល្បងនឹងត្រូវធ្វើឡើងជាលើកដំបូងនៅក្នុងអំលុងខែតុលាឆ្នាំ២០១៩ឆាប់ៗនេះ។
បើមិនមានអ្វីប្រែប្រួលនោះទេ យ៉ាងយូរនៅត្រឹមអំឡុងខែតុលាឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ ព្រលានយន្តហោះ អាកាសយាដ្ឋានតារាសាគរ ខេត្តកោះកុង នឹងចាប់បើកដំណើរការហោះហើរ និងចុះចតសាកល្បងជាលើកដំបូង។
អនុប្រធានក្រុមហ៊ុន Union Development Group (UDG) ដែលបានធ្វើការវិនិយោគលើការសាសង់ លោក WANG CHAO បានមានប្រសាសន៍ឲ្យដឹងថា “យើងគ្រោងសាងសង់ព្រលានយន្តហោះនេះឱ្យរួច ជាស្ថាពរនៅខែឧសភាឆ្នាំ២០២០ ហើយនៅខែតុលាយើងនឹងធ្វើការហោះហើរសាកល្បង ជាពិសេសនៅខែធ្នូចុងឆ្នាំ២០២០យើងនឹងហោះហើរជាផ្លូវការតែម្ដង”។
លោក WANG CHAO បានឱ្យដឹងបន្ថែមថា នៅពេលព្រលានយន្តហោះដំណើរការក្រុមហ៊ុនរបស់លោក នឹងធ្វើការបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋខ្មែរ ដើម្បីប្រើប្រាស់កម្លាំងពលកម្ម ក្នុងស្រុកឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ខណៈបច្ចុប្បន្ននេះចំណេះដឹងរបស់ប្រជាពលរដ្ឋខ្មែរ នៅជុំវិញតំបន់នោះមានកម្រិត ដូច្នេះទើបអាចត្រឹមតែធ្វើការងារស្រាលៗតែប៉ុណ្ណោះ។
អនុប្រធានក្រុមហ៊ុន UDG ឱ្យដឹងបន្តថា អាកាសយានដ្ឋាននៅជាប់សមុទ្រ និងភ្នំនេះ នឹងមានជើងយន្តហោះហើរត្រង់ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដែលអាចនឹងនាំភ្ញៀវទេសចរបរទេស កាន់តែច្រើនបន្ថែមទៀតមកឱ្យប្រទេសកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិនេះអាចទទួលភ្ញៀវ៥លាននាក់ក្នុង១ឆ្នាំ។
អាកាសយានដ្ឋានប្រភេទF4 នេះមានពីសសម្រាប់ឡើងនិងចុះចតប្រវែង៣.២០០ម៉ែត្រ នឹងអាចផ្ទុកយន្តហោះប្រមាណ៤០០គ្រឿង។ ក្នុងនោះយន្តហោះធុនធំប្រភេទ៧៧៧ក៏អាចចុះចតបាន។
ទោះជាយ៉ាងណាលោក WANG CHAO បានបញ្ជាក់ថា មិនមានយន្តហោះចម្បាំងឬប្រភេទប្រដេញទេ គឺមានតែយន្តហោះពាណិជ្ជកម្មប៉ុណ្ណោះ។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ការមានព្រលានយន្តហោះថ្មីមួយទៀត នឹងហុចសក្តានុពលសម្រាប់វិស័យអាកាសចរណ៍នៅកម្ពុជា ជាពិសេសផ្តល់ឲ្យមានជម្រើសកាន់តែច្រើនថែមទៀត សម្រាប់ក្រុមហ៊ុនអាកាសចរណ៍នានា ដែលអាចហោះហើរត្រង់មកកម្ពុជា ហើយប្រសិនជាព្រលានថ្មីនេះមានស្តង់ដាអន្តរជាតិ វានឹងអាចទាក់ទាញក្រុមហ៊ុនអាកាសចរណ៍មកពីប្រទេសថៃ និងខេត្តរបស់ថៃដែលជាប់នឹងកម្ពុជា អាចភ្ជាប់បណ្តាញហោះហើរទៅវិញទៅមក។
លោកបន្តថា“ខ្ញុំស្វាគមន៍គំរោងវិនិយោគដ៏ល្អនេះ ដែលវានឹងជួយជំរុញកំនើនសេដ្ឋកិច្ច និងទាក់ទាញទេសចរណ៍មកទស្សនាកម្ពុជា កាន់តែច្រើនថែមទៀត”។
អាកាសយានដ្ឋានតារាសាគរ មានទីតាំងស្ថិតចន្លោះស្រុកថ្មបាំង និងស្រុកបទុមសាគរ ដែលវិនិយោគក្នុងការសាងសង់ដោយក្រុមហ៊ុនចិន Union Development Group (UDG) ។
គម្រោងអាកាសយានដ្ឋានមួយនេះ ត្រូវបានផ្អាកការសាងសង់មួយរយៈ កាលពីអំឡុងចុងឆ្នាំ២០១៨ ប៉ុន្តែបច្ចុប្បន្នគម្រោងមួយនេះ បានបន្តសាងសង់យ៉ាងសកម្ម ជាមួយការសម្រេចឱ្យមានការហោះហើរ និងចុះចតនៅត្រឹមអំឡុងខែតុលា ឆ្នាំ២០១៩ឆាប់ៗខាងមុខនេះ។
ក្រៅពីគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិតារាសាគរ ខេត្តក៏មានគម្រោងអភិវឌ្ឃលើវិស័យហេដ្ឋរចនាសម្ព័ន្ធជាច្រើន ដែលជាការលើកស្ទួយខេត្តដែលធ្លាប់តែស្ថិតក្នុងភាពឯកាមួយនេះក្លាយជាខេត្តដ៏ទាន់សម័យ និងឆើតឆាយ ជាមួយគម្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ គម្រោងសាងសង់មណ្ឌលកម្សាន្តកម្រិតអន្តរជាតិក្រោមការវិនិយោគពីសំណាក់ក្រុងហ៊ុនចិន រួមជាមួយគម្រោងពង្រីកផ្លូវ និងតភ្ជាប់ពីខេត្តកោះកុង និងខេត្តបាត់ដំបង់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងវិស័យដឹកជញ្ជូន៕