ពិធីបើកវគ្គបំប៉នស្តីពី ការតម្រង់ទិសគ្រូឧទ្ទេសថ្នាក់ជាតិមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង ផែនដីវិទ្យា


ខេត្តកំពង់ស្ពឺ៖ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំវគ្គបំប៉នស្តីពី ការតម្រង់ទិសគ្រូឧទ្ទេសថ្នាក់ជាតិមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងផែនដីវិទ្យា ក្នុងគោលបំណងពិភាក្សា និងអនុម័តលើវិធីសាស្ត្របង្រៀនដើម្បីអនុវត្តកម្មវិធីសិក្សាតាមបែបសិក្សាបញ្ញត្តិ។ ក្រោយបញ្ចប់វគ្គបំប៉នក្រសួងអប់រំ យុវជន និងកីឡានឹងទទួលបានគ្រូឧទ្ទេសថ្នាក់ជាតិដែលមានសមត្ថភាពខ្ពស់ខាងផ្នែកវិធីសាស្ត្របង្រៀន ដើម្បីយកទៅជួយដល់គ្រូឧទ្ទេសនៅតាមមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យ និងវិក្រឹតការទូទាំងប្រទេស។

វគ្គបំប៉ននេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ នាថ្ងៃអង្គារ ១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់បន្ថែមទៀតថា “ការបណ្តុះបណ្តាលគ្រូប្រកបដោយគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាការធានាឱ្យមានការអប់រំ ដែលមានគុណភាពសម្រាប់ពលរដ្ឋកម្ពុជាក្នុងការទទួលបាននូវចំណេះដឹង និងជំនាញដ៏មានប្រយោជន៍សម្រាប់សតវត្សរ៍ទី២១”៕