ប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុងស្វាយរៀង អាណត្តិទី៣, ឯកឧត្តម ម៉ែន វិបុល ប្រាប់ដល់មន្ត្រីរាជការថា យុវជនជាកម្លាំងស្នូល ក្នុងការចូលរួមដឹកនាំតាមបណ្តាក្រុងស្រុកទាំងអស់ នៅខេត្តស្វាយរៀង


(ស្វាយរៀង)៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងទៅកាន់សមាជិកក្រុមប្រឹក្សាក្រុងស្វាយរៀង ដែលទើបតែប្រកាសថ្មីថា យុវជន គឺជាកម្លាំងស្នូល ក្នុងការចូលរួមដឹកនាំតាមបណ្តាស្រុកក្រុងទាំងអស់ នៅខេត្តស្វាយរៀង ដើម្បីជំរុញការងារបក្ស និងការងារអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ឲ្យរីកចម្រើន ព្រោះយុវជនគឺជាអ្នកបន្តវេន និងជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ។

ការថ្លែងរបស់ ឯកឧត្តមអភិបាលខេត្តស្វាយរៀងបែបនេះ ក្នុងឱកាសដែល ឯកឧត្តមអញ្ជើញចូលរួម ប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាក្រុងស្វាយរៀង អាណត្តិទី៣ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាក្រុងស្វាយរៀង ដែលមានការចូលរួមពីក្រុមប្រឹក្សាសង្កាត់ នៅទូទាំងក្រុងស្វាយរៀងផងដែរ។

 ឯកឧត្តម ម៉ែន វិបុល បានបន្តថា នៅពេលខាងមុខនេះ នឹងមានការផ្លាស់ប្តូរអភិបាលស្រុកចំនួនបី ក្នុងនោះក៏មានការកែសម្រួល ផ្លាស់ប្តូរអភិបាលរងស្រុក ក្រុងមួយចំនួនទៀតផងដែរ ហើយយុវជននឹងអាចក្លាយជាអ្នកដឹកនាំ តាមបណ្តាស្រុកមួយចំនួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារឲ្យកាន់តែរលូន។

 ឯកឧត្តម ម៉ែន វិបុល បានបន្តទៀតថា ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ត្រូវរួមសហការគ្នាអនុវត្តកម្មវិធីនយោបាយ និងផែនការយុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាល ឲ្យបានម៉ឺងម៉ាត់ ត្រឹមត្រូវ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ឆ្លើយតបតាមតម្រូវការ និងសំណូមពរ ជាពិសេសត្រូវចេះដោះស្រាយ បញ្ហាប្រឈមនានា ចូលរួមជំរុញការអនុវត្ត នូវផែនការ ភូមិ ឃុំមានសុវត្តិភាព ឲ្យបានល្អប្រសើរ ព្រមទាំងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចសង្គមនៅគ្រប់មូលដ្ឋាន។

 ឯកឧត្តមបានក្រើនរំលឹកដល់មន្រ្តីរាជការទាំងអស់ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងត្រូវយកចិត្តទុកដាក់លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ការផ្តល់សេវាសាធារណៈ ឲ្យមានប្រសិទ្ធភាពខ្ពស់និង ពង្រឹងការអភិវឌ្ឍន៍ស្ថាប័ន និងការអភិវឌ្ឍន៍ធនធានមនុស្សគ្រប់ផ្នែក គ្រប់វិស័យផងដែរ។

សូមបញ្ជាក់ថា ឯកឧត្តម យូ ប៊ុន្នី ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាក្រុងស្វាយរៀង នៅអាណត្តិទី៣នេះ និងសមាជិក១៤រូបទៀត៕