ខ្សែភាពយន្តឯកសារដ៏ពិសេសស្តីពី «ដំណើរឆ្ពោះទៅរកការរំដោះជាតិ» ត្រូវបានក្រុមការងារចុះជួយឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ចាក់បញ្ចាំងជូនដល់ប្រជាពលរដ្ឋ


(កណ្ដាល)៖ ខ្សែភាពយន្តឯកសារដ៏ពិសេស និងជាប្រវត្តិសាស្ត្រមួយ ស្តីពី «ដំណើរឆ្ពោះទៅរកការរំដោះជាតិ» ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ចាក់បញ្ចាំងជូនដល់ប្រជាពលរដ្ឋទស្សនា ដើម្បីរំលឹកនូវភាពជូរចត់ និងទុក្ខវេទនាក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការឈានដល់ការរំដោះជាតិ ចេញពីរបបដ៏ព្រៃផ្សៃនេះ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមទស្សនា នៃការបញ្ចាំងវីដេអូ ស្តីពី «ដំណើរឆ្ពោះទៅរករំដោះជាតិ» ខាងលើនេះ ដែលរៀបចំធ្វើឡើង នៅក្នុងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ខ្សែភាពយន្តឯកសារដ៏ពិសេស ស្តីពី «ដំណើរឆ្ពោះទៅរកការរំដោះជាតិ» នឹងចាក់បញ្ចាំងជូនប្រជាពលរដ្ឋចំនួន ៧គោលដៅ ក្នុងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ទស្សនា និងស្វែងយល់អំពីប្រវត្តិសាស្ត្រពិត និងដើម្បីចូលរួមរំលឹកខួប៤២ឆ្នាំ នៃទិវាចងចាំនូវដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត។

សូមជម្រាបថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ គឺជារយៈពេលគម្រប់ ៤២ឆ្នាំហើយ (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០១៩) ដែលយុទ្ធជន ហ៊ុន សែន ក្នុងវ័យ២៥ឆ្នាំ រួមនឹងយុទ្ធដ៏ស្ម័គ្រស្មោះ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដីលាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។

ចេញពីទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ តំបន់២១ វេលាម៉ោង ២១៖០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន៤នាក់ គឺលោក នុច ថន, លោក ញឹក ហ៊ន, លោក ស៊ូ គឹមស្រ៊ាង ហៅសាញ់ និងលោក វ៉ា ប៉ោអ៊ាន បានចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភ ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។

ក្នុងខ្សែភាពយន្តឯកសារ រយៈពេលជាងមួយម៉ោង បានរៀបរាប់យ៉ាងលំអិតអំពីការសម្រេចចិត្ត និងដំណើរឆ្ពោះទៅកាន់ទិសខាងកើត កាលពីឆ្នាំ១៩៧៧ របស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ៤រូបផ្សេងទៀត៕