ប្រកាសចូលកាន់តំណែងសមាជិកក្រុមប្រឹក្សាស្រុកព្រៃឈរ ២១នាក់, អភិខេត្តកំពង់ចាម ណែនាំឲ្យមន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់ ពង្រឹងសមត្ថភាព លើការគ្រប់គ្រងថវិកា


(កំពង់ចាម)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងណែនាំឲ្យមន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវពង្រឹងសមត្ថភាពលើការគ្រប់គ្រង និងចាត់ចែងថវិកាជាតិ ពិសេសលើការ លើកគម្រោងដេញថ្លៃមូលនិធិឃុំ-សង្កាត់ ធ្វើការអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងដូច្នេះ នៅក្នុងពិធីប្រកាសចូលកាន់តំណែងសមាជិកក្រុមប្រឹក្សាស្រុកព្រៃឈរចំនួន ២១នាក់ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា ដោយសារការដេញថ្លៃគម្រោងអភិវឌ្ឍន៍មូលនិធិឃុំ-សង្កាត់នៅក្នុងឆ្នាំ២០១៩នេះ នៅមានបញ្ហាមិនប្រក្រតី ដូច្នេះមន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវពង្រឹងសមត្ថភាព តាមរយៈការលើកគម្រោង ការប៉ាន់ស្មានតម្លៃគម្រោង និងការដាក់ដេញថ្លៃគម្រោងអភិវឌ្ឍន៍។

តាមឯកឧត្តមអភិបាលខេត្ត កាលពីឆ្នាំ២០១៨ លោកបានដឹកនាំដោយផ្ទាល់ក្នុងការចុះសង្កេតការណ៍ ទៅលើដំណើរការដេញ ថ្លៃគម្រោងអភិវឌ្ឍន៍មូលនិធិឃុំ-សង្កាត់ ហើយពេលនោះ ការលើកតម្លៃប៉ាន់ស្មាន គឺប្រហាក់ប្រហែលគ្នា ក្នុងឆ្នាំ២០១៩នេះដែរ ប៉ុន្តែក្រុមហ៊ុនម៉ៅការបានធ្វើការដេញថ្លៃប្រកួតប្រជែង ចុះថ្លៃដល់ទៅ៥០% នៃទឹកប្រាក់ប៉ាន់ស្មាន ដែលប្រការនេះធ្វើឲ្យចំណេញថវិកាជាតិពាក់កណ្តាល យកមកអភិវឌ្ឍបន្ថែមសមិទ្ធផលនៅក្នុងមូលដ្ឋានរបស់ខ្លួន។

លុះនៅក្នុងឆ្នាំ២០១៩នេះ ឯកឧត្តមបានប្រគល់ការងារនេះទៅឲ្យម្ចាស់លទ្ធកម្មក្រុមប្រឹក្សាឃុំ-សង្កាត់ ជាអ្នកទទួលខុសត្រូវ ក៏ផ្ទុះរឿងអ្នកម៉ៅការដេញថ្លៃមានភាពមិនប្រក្រតីកើតឡើងសារជាថ្មី ដូចកាលពីឆ្នាំ ២០១៧ កន្លងទៅ។

ឯកឧត្តមអភិបាលខេត្តបន្តថា នៅឆ្នាំ២០២០ខាងមុខ ប្រាក់វិភាជន៍របស់រដ្ឋាភិបាល និងកើនឡើងទម្លាក់មកឱ្យអាជ្ញាធរមូលដ្ឋានធ្វើការគ្រប់គ្រង ចាត់ចែងដើម្បីអភិវឌ្ឍមូលដ្ឋាន ដូច្នេះបើមន្ត្រីយើង មានសមត្ថភាពនោះ យើងនឹងអាចប្រើប្រាស់ថវិកាទាំងនោះ យកមកអភិវឌ្ឍនៅក្នុងឃុំ-សង្កាត់របស់យើង ឲ្យបានសមិទ្ធផលកាន់តែច្រើនផងដែរ ដូច្នេះមន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់ សូមធ្វើការបង្កើនសមត្ថភាពគ្រប់គ្រង និងចាត់ចែងថវិកាជាតិ ប្រកបដោយភាពទទួលខុសត្រូវ៕