ឯកឧត្តម វេង សាខុន អនុញ្ញាតអោយ លោកស្រី ចំរើន មូតិតា ជំនាញការជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៏ជនបទ និងលោក Eric Johnson ជំនាញការជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៏សង្គម ចូលជួបសម្តែងការគួរសម


នៅវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតអោយ លោកស្រី ចំរើន មូតិតា ជំនាញការជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៏ជនបទ និងលោក Eric Johnson ជំនាញការជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៏សង្គម នៃធនាគារពិភពលោក ចូលជួបសម្តែងការគួរសមនៅឯទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចជំនួបនេះធ្វើឡើងក្នុងគោលបំណង ពិគ្រោះយោបល់ពីការវាយតម្លៃគម្រោង លើកកម្ពស់កម្រិតជីវភាព និងសហគមន៏ក្រីក្រ ដើម្បីឈានទៅបញ្ចប់ឯកសារគម្រោងទាំងស្រុង។
លោកស្រី ចំរើន មូតិតា បានមានប្រសាសន៏ថា គម្រោងនេះត្រូវបានរៀបចំឡើងក្នុងទិសដៅ ជួយកែលំអជីវភាពរបស់ពលរដ្ឋក្រីក្រនៅជនបទនិងទីក្រុងតាមរយៈផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងក្រៅកសិកម្មដល់ពួកគាត់​ បង្កើតឱកាសប្រើប្រាស់ឥណទាននិងប្រាក់សន្សំតាមរយៈក្រុមជួយខ្លួនឯង និងបង្កើនផលិតភាពកសិកម្ម និងក្រៅកសិកម្ម និងសង្វាក់ផលិតកម្មតម្លៃបន្ថែម។ គម្រោងនេះបានចែកតំបន់គោលដៅជាពីរគឺ ខេត្តសៀមរាបមានចំនួន ១៥ ០០០គ្រួសារ និងរាជធានីភ្នំពេញមានចំនួន ៤ ៤៤៣គ្រួសារ ដែលមានរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៧ ដល់២០២១។
ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការគាំទ្រដល់ការរៀបចំគម្រោងនេះ ដោយឡែកដើម្បីជំរុញអោយគម្រោងនេះអនុវត្តកាន់តែមានប្រសិទ្ធភាព និងនិរន្តភាព ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំអោយតំណាងធនាគារពិភពលោក ពិចារណាសិក្សាលើការវិភាគសេដ្ឋកិច្ចកសិកម្ម ដោយពិនិត្យអោយបានស៊ីជម្រៅនូវកម្រិតជីវភាពកសិករខ្នាតតូច នឹងវិភាគពីកម្រិតចំណូលរបស់ពួកគាត់ប្រចាំឆ្នាំ ធៀបទៅនឹងផលិតផលក្នុងស្រុកសរុបក្នុងប្រជាជនម្នាក់ ធ្វើយ៉ាងណាអោយចំណូលពីវិស័យកសិកម្មនោះអាចឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាមធ្យម រង្វង់៧ភាគរយ ទើបប្រជាកសិករខ្នាតតូចទាំងនោះអាចទ្រទ្រង់ស្ថានភាពនៃការវិវឌ្ឍន៏សេដ្ឋកិច្ចបាន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើអោយ​បញ្ជូលបច្ចេកវិទ្យាកសិកម្មទំនើប សម្រាប់ប្រព័ន្ធស្រោចស្រពខ្នាតតូច ដូចជាការសាងសង់អណ្តូងទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ និងរៀបចំប្រព័ន្ធចែកចាយមេជូនសហគមន៏ ដែលប្រើប្រាស់ទឹកសម្រាប់ការដាំបន្លែ និងដំណាំរួមផ្សំ ដើម្បីកាត់បន្ថយចំណាយថ្លៃដើម ហើយឈានទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងប្រកួតប្រជែងជាមួយការនាំចូល។