ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខស្ត្រីដែលទើបសម្រាលកូន មកពី៩ភូមិ ក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល


នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខស្ត្រីដែលទើបសម្រាលកូន មកពី៩ភូមិ ស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ឯកឧត្តម បានបញ្ជាក់ថា ការផ្តល់សេវាសាធារណៈគឺជាតម្រូវការយ៉ាងសំខាន់សម្រាប់បម្រើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជាពិសេសគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឲ្យសកម្មភាពនៅគ្រប់មូលដ្ឋានតាមលក្ខណសម្បត្តិទាំង៩គឺ គ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ គ្មានការដាំដុះ ការផលិត​ ការចរាចរណ៍ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន គ្មានអំពើរអនាចារ ការជួញដូរស្ត្រី និងកុមារ និងអំពើរហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង គ្មានការលេងល្បែងស៊ីសងខុសច្បាប់ គ្មានការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានគ្រោះថ្នាក់ដោយសារអាវុធយុទ្ធភណ្ឌមុនទាន់ផ្ទុះ និងមានវិធានការស្រាវជ្រាវទប់ស្កាត់ ឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពី សភាពការណ៍បច្ចុប្បន្នរបស់ប្រទេសជាតិ និងស្នើអោយប្រជាពលរដ្ឋ កុំជឿលើការឃោសនារបស់គណបក្សនយោបាយ និងព័ត៌មានមិនពិត ដែលបង្កអោយមានអស្ថិរភាពនៅក្នុងសេដ្ឋកិច្ច សង្គមជាតិ។ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវជឿជាក់លើរាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលតែងតែគិតគូរពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

​ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ម ប៊ុននាង បានចែកជូនអំណោយដល់ស្រ្តីដែលទើបសម្រាលកូនចំនួន៥៦នាក់ ក្នុងម្នាក់ៗទទួលបាន សារុង០១ ត្រីខ០១ឡូ ទឹកស៊ីអីវ០១យួរ ទឹកត្រី០១យួរ ប៊ីចេងកន្លះគីឡូក្រាម អំបិល០១គីឡូក្រាម មី០១កេស និង​ថវិកាចំនួន១០មឺុនរៀល ដែរមកពីភូមិក្បាលសេះ ភូមិក្រាំងធ្មៃ ភូមិចារ ភូមឈើនាង ភូមិស្វាយកើត ភូមិស្វាយលិច ភូមិលៀក ភូមិគោកព្រីង និងភូមិគោកត្រប់ នៅឃុំគោកត្រប់ ស្រុកកណ្តាល ខេត្តកណ្តាល ដែលចំណាយថវិកាសរុបអស់ ១២,០០០,០០០រៀល។