ភ្នំពេញ៖ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិលើកទី១២ ស្តីពីតម្លៃវប្បធម៌អាស៊ីអាគ្នេយ៍ ៖ វប្បធម៌សន្តិភាព ក្រោមជំនួយឧបត្ថម្ភគំទ្រពីមូលនិធិកូរ៉េ សម្រាប់ការសិក្សាជាន់ខ្ពស់ ខៃសាធារណរដ្ឋកូរ៉េ ដោយមានកិច្ចសហការពីរាជបណ្ឌិត្យសភាកម្ពុជា និងគណៈកម្មការរៀបចំសន្នីសីទអន្តរជាតិ ដែលបានប្រារព្ធឡើងនៅសណ្ឋាគារភ្នំពេញ ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ។
នាឱកាសនោះផងដែរ លោកជំទាវឧបនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍ថា ការរៀបចំសន្និសីទអន្តរជាតិ ស្តីពីតម្លៃវប្បធម៌អាស៊ីអាគ្នេយ៍នេះមានសារៈសំខាន់ណាស់ ព្រោះជាការប្រមូលផ្តុំនូវចំណេះដឹង ការសិក្សា ឈ្វេងយល់ ផ្សព្វផ្សាយ ការថែរក្សា និងការពារវប្បធម៌ អរិយធម៌ ប្រពៃណី បច្ចេកវិទ្យាបុរាណរបស់ប្រជាជាតិអាស៊ី។ ដោយឡែកសម្រាប់សន្នីសីទអន្តរជាតិលើកទី១២ ស្តីពី តម្លៃវប្បធម៌អាស៊ីអាគ្នេយ៍៖វប្បធម៌សន្តិភាព នាពេលនេះគឺជាការពិភាក្សាផ្លាស់ប្តូរយោបល់ អំពីការផ្សារភ្ជាប់វប្បធម៌ជាមួយធម្មជាតិ ដោយផ្តោតការយកចិត្តទុកដាក់លើសន្តិភាព និងភាពសុខុដុមរមនា ដើម្បីរក្សានូវសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋទាំងក្នុងតំបន់និងក្នុងពិភពលោក ដែលមានការចូលរួមពីសំណាក់វាគ្មិនជាតិ និងវាគ្មិនអន្តរជាតិចំនួន១៥ប្រទេស សរុបចំនួន១៣៥នាក់។
ជាទីបញ្ចប់លោកជំទាវក៏បានថ្លែងអំណរគុណដល់សាស្ត្រាចារ្យ បណ្ឌិត អ្នកស្រាវជ្រាវជាតិ អន្តរជាតិ ដែលបានចូលរួម និងចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធរបបគំហើញថ្មីៗ មូលនិធិកូរ៉េ សម្រាប់ការសិក្សាជាន់ខ្ពស់ ខៃសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមចំណែកដល់ការរក្សាតម្លៃវប្បធម៌អាស៊ីរបស់យើង ហើយក៏បានសំណូមពរដល់ ឯកឧត្តម ផាក អ៊ីនឃុក ប្រធានមូលនិធិកូរ៉េ សម្រាប់ការសិក្សាជាន់ខ្ពស់ ខៃសាធារណរដ្ឋកូរ៉េបន្តជួយជ្រោមជ្រែងសម្រាប់ការសិក្សា ស្រាវជ្រាវ នៅកម្ពុជាបន្ថែមទៀត និងបានជូនពរដល់គណៈប្រតិភូស្នាក់នៅ និងធ្វើដំណើរត្រលប់ទៅមាតុប្រទេសវិញ ប្រកបបានសុខសុវត្ថិភាព និងជោគជ័យក្នុងការបំពេញភារកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។