រាជធានីភ្នំពេញ ៖ យកគំរូជាច្រើនរូបភាពរបស់អតីតមេបក្សប្រឆាំងពីក្រុមប្រឆាំងនៅក្រៅប្រទេស ដើម្បីចាត់បំបែកបន្ទាយដ៏រឹងមាំរបស់បក្សកាន់អំណាចជាច្រើនលើក ត្រូវបានគេឃើញថា ទទួលបរាជ័យរហូតសម្រាប់មេបក្សប្រឆាំង ។ ការយកគំរូមានទាំងយុទ្ធនាការដឹកនាំធ្វើបាតុកម្មប្រឆាំងនឹងការបោះឆ្នោត ការចាក់រុកស្គឹះបញ្ហាផ្ទៃក្នុង និងការលាបពណ៌ជាតិសាសន៍ ពិសេសនោះប្រកាសចូលស្រុកជាដើមរបស់លោក សម រង្ស៊ី ហាក់ដូចជា មានការភាពស្ងប់ស្ងាត់ពីក្រុមប្រឆាំងដែលគាំទ្រលោក ។
យ៉ាងណាក្តីឯកឧត្តម សុខ ឥសាន ដែលជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានចំអកទៅកាន់លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេសអស់ល្បិចកលហើយ ក្នុងការញុះញង់ឲ្យ ខ្មែរនៅក្នុងប្រទេសឈ្លោះគ្នា ។ លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី១៩ ខែមិថុនានេះ ថាក្រុមឧទ្ទាមក្រៅច្បាប់បានប្តូរភារកិច្ចថ្មីរួមមានញុះញង់ លាបពណ៌ មួលបង្កាច់ បរិហារកេរ្តិ៍ បង្កើតរឿងចាក់រុក បំបែកបំបាក់ផ្ទៃក្នុងអ្នកដទៃ ដើម្បីអំណាចខ្លួន ។
ឯកឧត្តមបានបញ្ជាក់ថា «ទណ្ឌិតរត់ចោលស្រុក(សម រង្ស៊ី)មិនកាន់អំណាចមិនបានធ្វើអ្វី គឺជាការត្រឹមត្រូវហើយថែមទាំងធ្វើជាឧបសគ្គនៃការរីកចម្រើនរបស់ប្រទេសជាតិ ។ ញុះញង់ប្រជាជនកម្ពុជាឲ្យយកគំរូតាមពួកបាតុករហុងកុង ប៉ុន្តែគ្មានប្រជាជនកម្ពុជាណាម្នាក់ជឿតាមវាទេ» ។ ជាមួយគ្នានោះដែរអ្នកនាំពាក្យដដែលក៏បានចំអកទៅកាន់លោកសម រង្ស៊ីយ៉ាង ដូច្នេះថា ៖« ចេញកោតតែទៅរួច មនុស្សអត់មានបក្សហ៊ានមកតាំងខ្លួនឯងជាប្រធានបក្សទៅរួចដែរ អត់ចេះខ្មាស់គេទាល់តែសោះ ? ។ អួតថា ជាអ្នកប្រជាធិបតេយ្យផ្ទុយទៅវិញបង្កើតតែអំពើ អនាធិបតេយ្យ ។ នយោបាយចោលម្សៀតរបស់ទណ្ឌិតរត់ចោលស្រុក គឺយកគំរូតាមគេ ៖ ភូមា វេណេហ្សុយអេឡា កូរ៉េខាងត្បូង ហុងកុង តែត្រូវបរាជ័យ » ។ លោកបានបន្តថា ការញុះញង់ឲ្យបះបោរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជារបស់មេបក្សប្រឆាំងរត់ចោលស្រុក គឺជានយោបាយទាល់ច្រករបស់មេឧទ្ទាមក្រៅច្បាប់ដែលគ្មានអ្នកណាធ្វើតាមឡើយ ។
ចំណែកលោក យ៉ែម បុញ្ញាឬទ្ធិ អ្នកនាំអតីតអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងថា នៅថ្ងៃដដែលថា នយោបាយសង្គម គឺជារឿងរបស់យើង ដែលជាកោសិកានៃសង្គមនោះ ។ គ្មានទេយុត្តិធម៌សង្គម សង្គមស្អាតស្អំ សង្គមប្រជាធិបតេយ្យ បើយើងជាកោសិកាសង្គមមិនចូលរួមគិតគូររឿងនយោបាយ និងបញ្ហាសង្គមដោយការយល់ដឹងទាំងអស់គ្នានោះទេ ។ លោកបន្ថែមថា ខ្មែរគ្រប់ភាគីជម្នះបានគ្រប់ឧបសគ្គរហូតចេញជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣ តុលា ៩១ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាជាតិខ្មែរ ហើយជាខែលមួយដ៏សំខាន់រឹងមាំ ក្នុងការការពារគ្រាមានកលិយុគក៏ដូចជា ជាការកសាងអភិវឌ្ឍន៍ជាតិយើង ។
ជាមួយគ្នានោះដែរលោកយ៉ែម បុញ្ញឬទ្ធិក៏បានលើកឡើងថា ការរកប្រាក់ចំណូលបានតាមរយៈការងារអាជីវកម្មជាផ្នែកដំបូងមួយយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចគ្រួសារ ហើយបន្តជំរុញឱ្យ សមាជិកគ្រួសារមានលទ្ធភាពក្នុងការសិក្សាដែលជាផ្នែកនៃការអភិវឌ្ឍធនធានមនុស្ស ។ លោកបញ្ជាក់ថា ៖ «យើងត្រូវឯកភាពជាតិ ផ្សះផ្សាជាតិបន្តការពារបង្កើតការងារ ពង្រឹងកម្លាំងជាតិ» ៕