ក្រុមហ៊ុនចិនមានបំណងជួយកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យានៅកម្ពុជា


ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និង លោក ដុង ហ៊ូអាង (Dong Huang) នាយកគ្រប់គ្រងក្រុមហ៊ុន Anhui Easy Business Digital Technology Co., Ltd របស់ប្រទេសចិន បានបង្ហាញចេតនាជួយដល់ប្រទេសកម្ពុជា ក្នុងការរៀបចំរដ្ឋាភិបាលអេឡិចត្រូនិក និងការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក ដើម្បីពង្រីកសក្តានុពលវិស័យធុរកិច្ច និងលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម។
លោកដុង ហ៊ូអាង បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី អំពីសាវតាសង្ខេប និងសេវាកម្ម ដែលក្រុមហ៊ុនរបស់លោកបានផ្តល់ជូនរដ្ឋាភិបាលនៃប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ាន និងនៅទ្វីបអាហ្វ្រិកដូចជា៖ ការរៀបចំប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិក, ប្រព័ន្ធសេវាព័ត៌មានវៃឆ្លាត, ប្រព័ន្ធគ្រប់គ្រងការនាំទំនិញចេញ-ចូល, ការបណ្តុះបណ្តាលធានធានមនុស្ស និងការប្រឹក្សាយោបល់សម្រាប់ដំណោះស្រាយព័ត៌មានវិទ្យាជាដើម។ លោកដុង ហ៊ូអាង បានគូសបញ្ជាក់ថា ក្រុមហ៊ុនលោកបានដំឡើង E-Government ជាង ១០០ប្រព័ន្ធ នៅក្នុងប្រទេសចិន ហើយបច្ចុប្បន្នលោកកំពុងធ្វើការជាមួយរដ្ឋាភិបាល ដើម្បីបង្រួមប្រព័ន្ធទាំងអស់ឲ្យទៅជាប្រព័ន្ធមេតែមួយ។
ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោក ដុង ហ៊ូអាង ហើយឯកឧត្តមជឿថា ប្រទេសកម្ពុជានឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន នៅពេលដែលប្រព័ន្ធ E-Government ដំណើរការពេញលេញ។ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកព័ត៌មានជូនលោក ដុង ហ៊ូអាង អំពីប្រព័ន្ធស្វ័យប្រវត្តិកម្មសំខាន់ៗជាច្រើន ដែលស្ថិតនៅក្រោមគម្រោងផែនការមេបច្ចេកវិទ្យាព័ត៌មានវិទ្យា ឬ ICT Master Plan របស់ក្រសួងពាណិជ្ជកម្ម និងគម្រោង Khmer Hub Translator ដែលជាកិច្ចសហការរវាងក្រសួង និងក្រុមហ៊ុន Microsoft ដើម្បីបំបែកឧបសគ្គភាសា សំដៅលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានអះអាងថា ក្រសួងពាណិជ្ជកម្មនៅតែបើកទ្វារស្វាគមន៍រាល់គម្រោងដែលផ្តល់អត្ថប្រយោជន៍ចំពោះការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មរបស់កម្ពុជា តួយ៉ាងដូចជាប្រព័ន្ធ ASQIQ ដែលអាចជួយក្នុងការត្រួតពិនិត្យគុណភាពទំនិញ, ការចេញវិញ្ញាបនប័ត្រភូតគាមអនាម័យ និងការបំពេញបែបបទគយជាដើម។