សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍


នៅវិមានសន្តិភាព ល្ងាចថ្ងៃទី០៨​ ធ្នូ​ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតអោយ លោក Sun Fuyou ប្រធានក្រុមហ៊ុន Huawei ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ ចូលជួបពិភាក្សាការងារ។
លោក Sun Fuyou បានគោរពជំរាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តី អំពីលទ្ធផលនៃការជួបជាមួយសម្តេចនារយៈពេលកន្លងមក រួមទាំងការផ្តល់អណ្តូងទឹកចំនួន៥០ដល់តំបន់ខ្វះខាតនៅកម្ពុជា ដែលក្រុមហ៊ុនកំពុងសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ហើយខែមករាខាងមុខនេះ នឹងចាប់ផ្តើមជីកជូនដល់ប្រជាជន។ ជាមួយនេះ លោកបានជំរាបជូនសម្តេចតេជោផងដែរអំពីបច្ចុប្បន្នភាពរបស់សិស្ស១១នាក់ ដែលកំពុងតែបណ្តុះបណ្តាលនៅប៉េកាំងលើជំនាញ IT។ សិស្សជំនាន់ទី២ និងទី៣នឹងត្រូវជ្រើសរើស ដោយក្រុមហ៊ុន និងសហព័ន្ឋយុវជនកម្ពុជាជាបន្តទៀត នៅឆ្នាំ២០១៧ និង២០១៨។
លោក Sun Fuyou ក៏បានគោរព រាយការណ៍ជូនសម្តេចផងដែរពីគម្រោងប្រើប្រាស់អ៊ីនធើណែតល្បឿនលឿន ដែលជាការ ចាំបាច់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ចំណេះដឹង និងការអភិវឌ្ឍផ្សេងៗទៀត សម្រាប់ដោះស្រាយបញ្ហាសង្គមផងដែរ។ ក្នុងឱកាសនោះ លោកក៏បានផ្តល់ជូននូវការប្រើប្រាស់អ៊ីនធើណែតល្បឿនលឿនចំនួន១ពាន់មេហ្កាប៊ីតដែលមានទឹកប្រាក់ស្មើ នឹង៤លានដុល្លារអាមេរិក ដើម្បីអោយ សម្តេចចាត់ចែងប្រើប្រាស់តាមតម្រូវការ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះជំនួយនេះ Internet រួមទាំងការផ្តល់អណ្តូងទឹក ការបណ្តុះបណ្តាលធនធាន មនុស្សខាងវិស័យ IT ដល់យុវជន។ សម្តេចតេជោ បានស្នើសុំប្រគល់ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពិនិត្យរៀបចំត្រូវដាក់នៅទីណាខ្លះ។ សម្តេចតេជោ មិនត្រឹមតែចង់បាន E-Government នោះទេ គឺចង់បាន E-People ដែលត្រូវដើរ អោយទាន់ បច្ចេកវិទ្យា។ កម្ពុជាត្រូវការអ៊ីនធើណែតល្បឿនលឿន ដើម្បីសម្រេចការងារបានឆាប់រហ័ស សំដៅជំរុញគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងដើម្បីជំរុញឱ្យប្រជាជនកម្ពុជា ជាពិសេសយុវជន ដែលកំពុងតែប្រើប្រាស់អ៊ីនធើណែតមានលទ្ធភាពគ្រប់គ្រាន់ក្នុ្ងការប្រកួតប្រជែងទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗដទៃទៀត៕