មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងនៅថ្ងៃនេះថា ក្រុមជំនាញជាតិ និងអន្តរជាតិកំពុងសិក្សាការបង្កើតលក្ខខណ្ឌការងារខ្លះ ដើម្បីផ្តល់ប្រាក់សោធន៍ចំពោះកម្មករពេលចូលនិវត្តន៍ ។
សូមជំរាបថា នេះគឺជាលើកដំបូងហើយដែលកម្ពុជា បានគិតគូរអំពីការរៀបចំប្រាក់សោធន៍ដល់កម្មករនៅពេលចូលរ៉ឺត្រែត ។ មន្ត្រីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានបញ្ជាក់អំពីការសិក្សារៀបចំគោលការណ៍ផ្តល់ប្រាក់សោធន៍ដល់កម្មករនេះ ប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃទី១៣ មករា ។ លោកបានថ្លែងថា ក្រោយការសិក្សារួច គេនឹងដាក់គោលការណ៍ថ្មីរឿងប្រាក់សោធន៍នេះ ដើម្បីការអនុវត្តមុនដំណាច់ឆ្នាំ ២០១៧ ។
គួរកត់សម្គាល់ថា នៅតាមបណ្តាប្រទេសអភិវឌ្ឍន៍នានា ការផ្តល់ប្រាក់សោធន៍ជូនដល់កម្មករនៅពេលរ៉ឺត្រែត គេតែងពិនិត្យមើលលើរយៈពេលបំរើការងារជាប់លាប់យូរឆ្នាំរបស់កម្មករ ដែលបំរើរោងចក្រ ឬសហគ្រាស និងការតម្រូវបង់វិភាគទានខ្លះ ដែលគេនឹងដកយកចេញពីប្រាក់ខែរបស់កម្មករជាស្វ័យប្រវត្តិ ។
មិនមានសេចក្តីរាយការណ៍លំអិត អំពីលក្ខខណ្ឌនៃគោលការណ៍ប្រាក់សោធន៍ សម្រាប់កម្មករកម្ពុជាពេលចូលរ៉ឹត្រែតនោះទេ ប៉ុន្តែមន្ត្រីអ្នកនាំពាក្យក្រសួងការងារបានបង្ហើបថា ការសិក្សាលើផ្តល់ប្រាក់សោធន៍នេះ ក៏ក្រុមជំនាញនឹងពិនិត្យលើការបង់ពន្ធវិភាគទានរបស់កម្មករប្រចាំខែ… និងរយៈពេលបំពេញការងាររបស់កម្មករដែលអាចធ្វើការ ១៧ ឬ ២០ឆ្នាំ ផងដែរ ដើម្បីការអាចទទួលប្រាក់រ៉ឺត្រែតនោះ ។