មន្រ្តីនគរបាលបង្គោលគ្រប់ ២៥ខេត្តរាជធានី បានជួបជុំគ្នានៅអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី១៣ មករានេះ ក្នុងវគ្គបណ្តុះបណ្តាល ៣ថ្ងៃ នៃការងារនគរបាល និងសហគមន៍ ។ ការបណ្តុះបណ្តាលនេះ គឺដើម្បីការចូលកាន់តែជិតរបស់សមត្ថកិច្ចក្នុងសហគមន៍ ដើម្បីការពារផលប្រយោជន៍ពលរដ្ឋក្នុងមូលដ្ឋាន ប្រឆាំងអំពើលួចឆក់ប្លន់ និងបទល្មើសផ្សេងៗ ។ ការបណ្តុះបណ្តាលនេះ បានចូលរួមដោយប្រធានសេនាធិការអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ។
ការបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃគម្រោង CCJAP របស់រដ្ឋាភិបាលប្រទេសអូស្ត្រាលី ។ ការបណ្តុះបណ្តាលនេះទៀត គឺស្ថិតក្នុងស្ថានភាពមួយដែលក្រសួងមហាផ្ទៃកំពុងពង្រឹងសន្តិសុខទូទាំងខេត្ត-ក្រុង គ្រាដែលភាពឆកល្វែងនៃកិច្ចសហប្រតិបត្តិរវាងនគរបាលនឹងប្រជាជន បាននាំអោយមានការពិបាកដល់សមត្ថកិច្ចក្នុងការបង្ក្រាបអំពើឧក្រិដ្ឋខ្លះ ដែលបានកើតឡើងកន្លងមកនេះ ។
គួរកត់សម្គាល់ថា ករណីប្លន់ប្រដាប់អាវុធនៅកន្លែងផ្ទេរប្រាក់ Wing តាមកន្លែងមួយចំនួនកន្លងមកនេះ ត្រូវគេបន្ទោសថា ដោយសារតែភាពមិនទាន់មានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រជាជន និងសមត្ថកិច្ច ។
ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលទូទាំងប្រទេស លោកឧត្តមសេនីយ៍ទោ ជួង ស៊ាងហាក់ បានថ្លែងថា គោលបំណងនៃវគ្គបណ្តុះបណ្តាលដែលមានរយៈពេល ៣ថ្ងៃនេះ គឺដើម្បីពង្រឹងការដឹកនាំគ្រប់គ្រងប៉ុស្តិ៍នគរបាលរដ្ឋ ដើម្បីសុវត្ថភាពសហគមន៍ កាត់បន្ថយនូវក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋ បង្កើនបានកាន់តែប្រសើរនូវការជឿទុកចិត្តពីប្រជាពលរដ្ឋ ពីសហគមន៍មកលើកម្លាំងនគរបាល បង្កើតឲ្យមានឡើងអំពីរបៀបធ្វើការក្នុងភាពជាដៃគូជាមួយសហគមន៍ ទាក់ទាញបានការចូលរួមសហការគាំទ្រពីអាជ្ញាធរមូលដ្ឋានពីប្រជាពលរដ្ឋ ។