នគរបាលបង្គោល ២៥ខេត្ត-ក្រុង បណ្តុះបណ្តាលរបៀបចូលក្បែរសហគមន៍


     មន្រ្តី​នគរ​បាល​​បង្គោល​គ្រប់ ២៥​ខេត្ត​រាជ​ធានី បាន​ជួប​ជុំគ្នា​នៅ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃ​ទី​១៣ មករា​នេះ ក្នុង​វគ្គ​បណ្តុះ​បណ្តាល ៣ថ្ងៃ នៃ​ការងារ​នគរ​បាល​ និង​សហ​គមន៍ ។ ការ​បណ្តុះ​បណ្តាល​នេះ គឺ​ដើម្បី​ការ​ចូល​កាន់​តែ​ជិត​របស់​សមត្ថ​កិច្ច​ក្នុង​សហ​គមន៍ ដើម្បី​ការពារ​ផល​ប្រយោជន៍​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន ប្រឆាំង​អំពើ​លួច​ឆក់​ប្លន់ និង​បទ​ល្មើស​ផ្សេងៗ ។ ការ​បណ្តុះ​បណ្តាល​នេះ បាន​ចូល​រួម​ដោយ​ប្រធាន​សេនា​ធិការ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ លោក​ឧត្តមសេនីយ៍​ឯក ឆាយ គឹម​ខឿន

     ការ​បណ្តុះ​បណ្តាល​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង CCJAP របស់​រដ្ឋា​ភិបាល​ប្រទេស​អូស្ត្រាលី ។ ការ​បណ្តុះ​បណ្តាល​នេះ​ទៀត គឺ​ស្ថិត​ក្នុង​ស្ថាន​ភាព​មួយ​ដែល​ក្រសួង​មហា​ផ្ទៃ​កំពុង​ពង្រឹង​សន្តិសុខ​ទូ​ទាំង​ខេត្ត-ក្រុង គ្រា​ដែល​ភាព​ឆក​ល្វែង​នៃ​កិច្ច​សហ​ប្រតិបត្តិ​រវាង​នគរ​បាល​នឹង​ប្រជា​ជន បាន​នាំ​អោយ​មាន​ការ​ពិបាក​ដល់​សមត្ថ​កិច្ច​ក្នុង​ការ​បង្ក្រាប​អំពើ​ឧក្រិដ្ឋ​ខ្លះ ដែល​បាន​កើត​ឡើង​កន្លង​មក​នេះ ។

     គួរ​កត់​សម្គាល់​ថា ករណី​ប្លន់​ប្រដាប់​អាវុធ​នៅ​កន្លែង​ផ្ទេរ​ប្រាក់ Wing តាម​កន្លែង​មួយ​ចំនួន​កន្លង​មក​នេះ ត្រូវ​គេ​បន្ទោស​ថា​ ដោយ​សារ​តែ​ភាព​មិន​ទាន់​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ជិត​ស្និទ្ធ​រវាង​ប្រជា​ជន និង​សមត្ថ​កិច្ច ។

     ប្រធាន​នាយក​ដ្ឋាន​កិច្ច​ការ​ប៉ុស្តិ៍​នគរ​បាល​ទូទាំង​ប្រទេស លោក​ឧត្តម​សេនីយ៍​ទោ ជួង ស៊ាង​ហាក់ បាន​ថ្លែង​ថា គោល​បំណង​នៃ​វគ្គ​បណ្តុះ​បណ្តាល​ដែល​មាន​រយៈ​ពេល ៣ថ្ងៃ​នេះ គឺ​ដើម្បី​ពង្រឹង​ការ​ដឹកនាំ​គ្រប់​គ្រង​ប៉ុស្តិ៍នគរ​បាល​រដ្ឋ​ ដើម្បី​សុវត្ថ​ភាព​សហគ​មន៍ កាត់​បន្ថយ​នូវក្តី​ព្រួយ​បារម្ភ​របស់​ប្រជា​ពលរដ្ឋ បង្កើន​បាន​កាន់​តែ​ប្រសើរ​នូវ​ការ​ជឿ​ទុក​ចិត្ត​ពី​ប្រជា​ពលរដ្ឋ ពី​សហ​គមន៍​មក​លើ​កម្លាំង​នគរ​បាល បង្កើត​ឲ្យ​មាន​ឡើង​អំពី​របៀប​ធ្វើ​ការ​ក្នុង​ភាព​ជា​ដៃគូ​ជា​មួយ​សហ​គមន៍ ទាក់​ទាញ​បាន​ការ​ចូល​រួម​សហ​ការ​គាំទ្រ​ពី​អាជ្ញា​ធរ​មូល​ដ្ឋាន​ពី​ប្រជា​ពលរដ្ឋ ។

Police 14 01 16 2 copy

Police 14 01 16 1 copy