សម្តេច​តេជោ​៖ ការ​បណ្តាក់​ទុន​វិនិយោគ​របស់​ក្រុ​មន​ហ៊ុន​ចិន​ជា​ចំណែក​មួយ​យ៉ាង​ធំ​ជួយ​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​ជាតិ​


សម្ដេច​ តេជោ​ បាន​មានប្រសាសន៍​ក្នុង​សន្និសីទសារព៌តមាន​កាលពីដើម​សប្តាហ៍​នេះ​ថា​ តាម​បណ្តា​ប្រទេស​នានា​នៅ​លើ​សាកលលោក​បាន​ទទូច​ និង​ព្យាយាម​គៀង​គរ​ឱ្យ​មាន​ក្រុមហ៊ុន​ និង​បណ្តា​អ្នក​វិនិយោគ​ចិន​ចូល​ទៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ដើម្បី​សហការ​ធ្វើជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​។ សម្ដេច​បន្ត​ទៀត​ថា​ “រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​នេះ​ បាន​ព្យាយាម​គៀង​គរ​អ្នក​វិនិយោគ​ចិន​ឱ្យ​ចូល​ទៅកាន់​ប្រទេស​របស់​ខ្លួន​ ខណៈ​ដែល​កម្ពុជា​កំពុងតែ​ដើរ​នៅ​លើ​ផ្លូវ​មួយ​នេះ​។

សម្ដេច​បាន​បន្ត​ទៀត​ថា​ “កំណើន​នៃ​ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​ ត្រូវ​បាន​ធ្វើឡើង​ស្ទើរគ្រប់​វិស័យ​ ជាពិសេស​ លើ​វិស័យ​សំណង់​ ហើយ​យើង​នៅតែ​ស្វាគមន៍​ និង​ទទូច​សុំ​ឱ្យ​មានការ​ចូល​មក​វិនិយោគ​បន្ថែម​ទៀត​”។

វត្តមាន​របស់​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា​ ត្រូវ​បាន​ធ្វើឡើង​ស្ទើរគ្រប់​វិស័យ​ ដែល​ក្នុង​នោះ​រួមមាន​ ដូចជា​ វិស័យ​កាត់ដេរ​ វិ​ស័យ​កសិ​កឧស្សាហកម្ម​ វិស័យ​ទេសចរណ៍​ ការ​ផ្គត់ផ្គង់​ទៅលើ​វិស័យ​ថាមពល​ ជាពិសេស​វិស័យ​សំណង់​បាន​ និង​កំពុង​ឈានមុខ​គេ​ ខណៈ​ដែល​ទុន​វិនិយោគ​សរុប​ គិតជា​មធ្យម​ក្នុង​ចន្លោះ​ប្រមាណ​ជិត២ពាន់​លាន​ដុល្លារ​ ក្នុង​មួយឆ្នាំ​។

យោង​តាម​របាយការណ៍​ដែល​បង្ហាញ​ ដោយក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​កាលពី​ពេល​កន្លងទៅ​បាន​បញ្ជាក់​ថា​ ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​ ជាង​ពាក់កណ្តាល​ជា​ការ​វិនិយោគ​ពីសំណាក់​ក្រុមហ៊ុន​ចិន​ ខណៈ​ដែល​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បង្ហាញ​ពី​ឆន្ទៈ​រីករាយ​ស្វាគមន៍​ និង​ទទូច​ឱ្យ​មានការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ មកកាន់​កម្ពុជា​បន្ថែម​ទៀត​។