សម្ដេច តេជោ បានមានប្រសាសន៍ក្នុងសន្និសីទសារព៌តមានកាលពីដើមសប្តាហ៍នេះថា តាមបណ្តាប្រទេសនានានៅលើសាកលលោកបានទទូច និងព្យាយាមគៀងគរឱ្យមានក្រុមហ៊ុន និងបណ្តាអ្នកវិនិយោគចិនចូលទៅក្នុងប្រទេសរបស់ខ្លួន ដើម្បីសហការធ្វើជាដៃគូយ៉ាងជិតស្និទ្ធដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច។ សម្ដេចបន្តទៀតថា “រដ្ឋាភិបាលថៃបច្ចុប្បន្ននេះ បានព្យាយាមគៀងគរអ្នកវិនិយោគចិនឱ្យចូលទៅកាន់ប្រទេសរបស់ខ្លួន ខណៈដែលកម្ពុជាកំពុងតែដើរនៅលើផ្លូវមួយនេះ។
សម្ដេចបានបន្តទៀតថា “កំណើននៃការវិនិយោគរបស់ចិននៅកម្ពុជា ត្រូវបានធ្វើឡើងស្ទើរគ្រប់វិស័យ ជាពិសេស លើវិស័យសំណង់ ហើយយើងនៅតែស្វាគមន៍ និងទទូចសុំឱ្យមានការចូលមកវិនិយោគបន្ថែមទៀត”។
វត្តមានរបស់ក្រុមហ៊ុនចិននៅកម្ពុជា ត្រូវបានធ្វើឡើងស្ទើរគ្រប់វិស័យ ដែលក្នុងនោះរួមមាន ដូចជា វិស័យកាត់ដេរ វិស័យកសិកឧស្សាហកម្ម វិស័យទេសចរណ៍ ការផ្គត់ផ្គង់ទៅលើវិស័យថាមពល ជាពិសេសវិស័យសំណង់បាន និងកំពុងឈានមុខគេ ខណៈដែលទុនវិនិយោគសរុប គិតជាមធ្យមក្នុងចន្លោះប្រមាណជិត២ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។
យោងតាមរបាយការណ៍ដែលបង្ហាញ ដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាកាលពីពេលកន្លងទៅបានបញ្ជាក់ថា ទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា ជាងពាក់កណ្តាលជាការវិនិយោគពីសំណាក់ក្រុមហ៊ុនចិន ខណៈដែលប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីឆន្ទៈរីករាយស្វាគមន៍ និងទទូចឱ្យមានការវិនិយោគរបស់ក្រុមហ៊ុនចិន មកកាន់កម្ពុជាបន្ថែមទៀត។