កម្ពុជា-ម៉ាឡេស៊ី នឹងរៀបចំអនុស្សរណៈលើវិស័យទេសចរណ៍ ដើម្បីត្រៀមចុះហត្ថលេខាពេលនាយករដ្ឋមន្ត្រីម៉ាឡេស៊ីមកទស្សនកិច្ចនៅកម្ពុជាចុងឆ្នាំនេះ


ក្រសួងទេសចរណ៍កម្ពុជា បានឯកភាពជាមួយភាគីម៉ាឡេស៊ី សហការរៀបចំឱ្យមានអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ជាមួយគ្នា ដើម្បីត្រៀមចុះហត្ថលេខាជាផ្លូវការ នៅពេលដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉េត អញ្ជើញមកទស្សនកិច្ចនៅកម្ពុជា នាអំឡុងចុងឆ្នាំ២០១៩ ខាងមុខនេះ។

ការឯកភាពគ្នានេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយឯកអគ្គរាជទូតម៉ាឡេស៊ីថ្មីប្រចាំកម្ពុជា គឺលោក អ៊ែលឌីន ហ៊ូសៃនី ប៊ីនម៉ូដាស៊ីម (Eldeen Husaini BINMOHDHASHIM) នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។

ក្រោយបញ្ចប់ជំនួបខាងលើ ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឯកភាពជាមួយលោក អ៊ែលឌីន ក្នុងការបង្កើតក្រុមការងារពិសេសកម្ពុជា-ម៉ាឡេស៊ី ដើម្បីរៀបចំអនុស្សរណៈនៃការយោគយល់គ្នា ដោយផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ក្នុងនោះមានដូចជាការផ្លាស់ព័ត៌មានទេសចរណ៍ ការផ្សព្វផ្សាយពីវិស័យទេសចរណ៍ ការជំរុញការបណ្ដុះបណ្ដាធនធានមនុស្សក្នុងវិស័យទេសចរណ៍ជាដើម ដើម្បីត្រៀមចុះហត្ថលេខាជាផ្លូវការក្នុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉េត នៅកម្ពុជានាអំឡុងខែកញ្ញា ឬខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។

លោកឯកអគ្គរាជទូត អ៊ែលឌីន បានជម្រាបប្រាប់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ថា ម៉ាឡេស៊ីក៏ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការជំរុញវិស័យទេសចរណ៍សុខាភិបាល មានន័យថា ម៉ាឡេស៊ីចង់ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យចាប់អារម្មណ៍ការទៅពិនិត្យព្យាបាលជំងឺ ភ្ជាប់ជាមួយដំណើរទេសចរណ៍ នៅប្រទេសម៉ាឡេស៊ីផងដែរ ដោយម៉ាឡេស៊ីនឹងផ្ដល់ជូននូវតម្លៃពិសេស (តម្លៃទាបជាងបណ្ដាប្រទេសមួយចំនួន) សម្រាប់ប្រជាពលរដ្ឋកម្ពុជា។

ឯកអគ្គរាជទូតម៉ាឡេស៊ី បានស្នើសុំកិច្ចសហការពីភាគីកម្ពុជា ក្នុងជំរុញវិស័យទេសចរណ៍លេងកីឡាវាយកូនគោល (Golf Tourism) ដោយលោកបានលើកឡើងថា នៅប្រទេសម៉ាឡេស៊ី វិស័យកីឡាទេសចរណ៍ប្រភេទនេះពិតជាមានការពេញនិយមយ៉ាងខ្លាំង ហើយម៉ាឡេស៊ីក៏ចាប់អារម្មណ៍ចំពោះការនិយមលេងនៅកម្ពុជាផងដែរ។

លោកឯកអគ្គរាជទូតបានបន្តថា ម៉ាឡេស៊ីចង់រៀបចំពិធីពិព័រណ៍ម្ហូបអាហារបែបមូស្លីមនៅកម្ពុជា ឬហៅថា Food Festival ផងដែរ ហើយលោករដ្ឋមន្ត្រី ថោង ខុន ក៏បានគាំទ្រចំពោះគោលបំណងនេះយ៉ាងពេញទំហឹង។ ជាមួយគ្នានោះ ឯកឧត្តម ថោង ខុន ក៏បានអញ្ជើញភាគីម៉ាឡេស៊ីចូលរួមជាមួយកម្ពុជា ក្នុងការរៀបចំពិព័រណ៍ម្ហូបអាហារ (Confference on Gastromony) ដែលនឹងប្រារព្ធឡើងនាអំឡុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ។

មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ត្រីថែមទាំងបានលើកឡើងពីបំណងចង់រៀបចំឱ្យមានដំណើរកម្សាន្ត ឆ្លងដែនតាមម៉ូតូ ដែលជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយ ដែលអាចផ្ដល់ផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ដោយអាចធ្វើដំណើរឆ្លងពីកម្ពុជាទៅថៃ ហើយបន្តទៅកាន់ម៉ាឡេស៊ី។

លោក អ៊ែលឌីន ក៏បានស្នើឱ្យភាគីកម្ពុជាបង្កើនការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ ដែលនិយាយភាសាម៉ាឡេស៊ី ដើម្បីបំពេញតម្រូវទីផ្សារទេសចរជនជាតិម៉ាឡេស៊ី និងការរៀបចំសេវាកម្មម្ហូបអាហារហាឡាល់ផងដែរ។ ចំណុចនេះឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ពិតជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ពីព្រោះកម្ពុជាក៏បានខិតខំទាក់ទាញទេសចរមូស្លីម ដែលមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ព្រុយណេជាដើម ហើយឯកឧត្តមបានប្ដេជ្ញាថានៅតែខិតខំជំរុញឱ្យបានល្អប្រសើរបន្ថែមទៀត។

សូមជម្រាបថា នៅឆ្នាំ២០១៨ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរម៉ាឡេស៊ីជាង ២០ម៉ឺននាក់ កើនឡើង ១២.២% ហើយក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩ កម្ពុជាទទួលភ្ញៀវទេសចរម៉ាឡេស៊ីប្រមាណជាង ៦.៥ម៉ឺននាក់៕