កូរ៉េសន្យា បន្ដជួយដល់គម្រោងការគ្រប់គ្រងធនធានទឹក នៅតំបន់ដីសណ្តរទន្លេមេគង្គ


ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក Oh Nak-Young ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការគម្រោងជំនួយ លើវិស័យធនធានទឹក។

នៅក្នុងមតិស្វាគមន៍ ឯកឧត្តម លឹម គាន់ហោ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានរួមចំណែកជួយជ្រោមជ្រែងដល់ដំណើរការអភិវឌ្ឍកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងជាពិសេសលើវិស័យធនធានទឹកដែលបច្ចុប្បន្ន នៅតែជាអាទិភាពមួយសំខាន់ដើម្បីដើរតួនាទី កាន់តែសកម្មថែមទៀត ក្នុងការជំរុញកំណើនលូតលាស់សេដ្ឋកិច្ចទាំងពេលបច្ចុប្បន្ន និងនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបអំពីសមិទ្ធផល និងការងារជាអាទិភាពនាពេលបច្ចុប្បន្ន និងចំពោះមុខក្នុងក្របខណ្ឌវិស័យធនធានទឹក និងឧតុនិយម ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមក្នុងបរិបទ នៃបម្រែបម្រួលអាកាសធាតុ សម្តៅធានានូវសន្តិសុខទឹកសម្រាប់បំពេញតម្រូវការប្រើប្រាស់ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតកូរ៉េ បានបង្ហាញនូវសេចក្តីរីករាយ ដោយបានជួបពិភាក្សាការងារដោយផ្ទាល់ជាមួយ លោករដ្ឋមន្រ្តីនាពេលនេះ និងបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារលើវិស័យធនធានទឹក ដែលក្រសួងសម្រេចបាន ក៏ដូចជាកិច្ចការបន្តដែលត្រូវអនុវត្ត ក្នុងបេសកកម្មរួមចំណែកដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ច ឲ្យបានកាន់តែប្រសើរថែមទៀត។

ឯកអគ្គរដ្ឋទូតរូបនេះ បានជម្រាបជូនលោករដ្ឋមន្រ្តី នូវការប្តេជ្ញាចិត្តបន្តរួមចំណែក ជួយរបស់សាធារណរដ្ឋកូរ៉េ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹក មានការវិវត្តន៍រីកចម្រើនតទៅមុខទៀត។

ក្នុងកិច្ចពិភាក្សា ឯកឧត្តមរដ្ឋមន្រ្តី និងឯកអគ្គរដ្ឋទូតកូរ៉េ បានផ្តោតលើវឌ្ឍនភាពការងារ នៃគម្រោងលើវិស័យធនធានទឹក ដែលបានអនុវត្តក្រោមជំនួយ ឧបត្ថម្ភរបស់សាធារណរដ្ឋកូរ៉េ និងតម្រូវការលើគម្រោងបន្តចំពោះមុខ ដោយក្នុងនោះ សាធារណរដ្ឋកូរ៉េ នឹងបន្តរួមចំណែកជួយលើគម្រោងការ គ្រប់គ្រងធនធានទឹក នៅតំបន់ដីសណ្តរទន្លេមេគង្គ ការធ្វើទំនើបកម្មប្រព័ន្ធតាមដានស្វ័យប្រវត្តិផ្នែកឧតុនិយម និងការគ្រប់គ្រងទិន្នន័យធនធានទឹក ជាបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្រ និងជួយពីសាធារណរដ្ឋកូរ៉េដល់ការអភិវឌ្ឍកម្ពុជា និងដោយឡែកលើការជួយលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក នៅកម្ពុជាឲ្យបានកាន់តែប្រសើរថែមទៀត។ ទិសដៅបន្ត ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នឹងពិភាក្សាគ្នាលម្អិតបន្ថែមទៀត អំពីគម្រោងជាក់លាក់ ក្រោមជំនួយគាំទ្រពីសាធារណរដ្ឋកូរ៉េ សម្រាប់វិស័យធនធានទឹកនៅកម្ពុជា។

សូមជម្រាបថា ពាក់ព័ន្ធនឹងវិស័យធនធានទឹក រហូតមកដល់ពេលនេះ សាធារណរដ្ឋកូរ៉េ បាននឹងកំពុងជួយដល់កម្ពុជាលើគម្រោង៖ ទី១៖ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ទឹងសង្កែ ខេត្តបាត់ដំបង, ទី២៖ គម្រោងទំនប់ពហុបំណងដូនទ្រី ស្ទឹងមោងឬស្សី ខេត្តបាត់ដំបង និងទី៣៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយគ្រោះទឹកជំនន់ ខេត្តបន្ទាយមានជ័យ៕