ព្រឹកនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើសន្និសីទសារព័ត៌មានលើបញ្ហាជំងឺគ្រុនឈាមនៅកម្ពុជា


អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពជំងឺគ្រុនឈាមនាពេលបច្ចុប្បន្ន»។

យោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សន្និសីទសារព័ត៌មាននេះរៀបចំឡើងនៅវេលាម៉ោង ១០ព្រឹកនៅមន្ទីរពេទ្យកុមារជាតិ។ វាគ្មិនដែលនឹងចូលខ្លួនបកស្រាយលើបញ្ហាជំងឺគ្រុនឈាមនេះ រួមមាន៖ លោកជំទាវ ហ៊ុន ម៉ាណា, តំណាងក្រសួងសុខាភិបាល, តំណាងមន្ទីរពេទ្យកុមារជាតិ ។

ក្នុងសេចក្តីជូនដំណឹង ក៏បានបញ្ជាក់ផងដែរថា ក្នុងសន្និសីទសារព័ត៌មាននេះ នឹងលើកឡើងពីស្ថានភាពជាក់ស្តែង នៃជំងឺគ្រុនឈាមនាពេលបច្ចុប្បន្ន, វិធាន និងចំណាត់ការឆ្លើយតបនឹងជំងឺគ្រុនឈាម (កន្លែងផ្ទុកអ្នកជំងឺ និងឱសថ), បញ្ហាប្រឈម, បទពិសោធន៍របស់មន្ទីរពេទ្យកុមារជាតិក្នុងការផ្តល់សេវាកម្មព្យាបាលជំងឺគ្រុនឈាម និង តម្រូវការបន្ថែម។

ក្រសួងសុខាភិបាលអះអាងថា ឆ្នាំ២០១៩នេះ ជាឆ្នាំដែលជំងឺគ្រុនឈាមបានផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជា។ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ធ្លាប់បានថ្លែងបញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០១៩ ដល់ថ្ងៃទី២០ ខែមិថុនា ជំងឺគ្រុនឈាមនៅទូទាំងប្រទេស កើតមានចំនួន១ម៉ឺន២ពាន់ករណី និងសម្លាប់មនុស្ស ២១នាក់។

ក្នុងនោះមន្ទីរពេទ្យកុមារជាតិ ទទួលអ្នកជំងឺគ្រុនឈាមជាមធ្យមជាង ៣០០នាក់ក្នុងមួយថ្ងៃ។ បើគិតពីដើមឆ្នាំ២០១៩ មកដល់ថ្ងៃទី២០ ខែមិថុនា មន្ទីរពេទ្យកុមារជាតិ ទទួលបានការចូលមកព្យាបាលពីអ្នកជំងឺគ្រុនឈាម ៣ពាន់នាក់ ក្នុងនោះមាន ៤នាក់បានស្លាប់។

ឆ្លើយតបនឹងបញ្ហាជំងឺគ្រុនឈាមដែលបានផ្ទុះឡើងនៅក្នុងឆ្នាំ២០១៩នេះ ក្រសួងសុខាភិបាល ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបង្ការ និងទប់ស្កាត់ជំងឺនេះផងដែរ។ ក្រសួងសុខាភិបាលបានដាក់ចេញវិធានជាច្រើនដូចជាការការអប់រំប្រជាពលរដ្ឋក្នុងការការពារតាមវិធីសាស្ត្រមួយចំនួន ការបាញ់ថ្នាំសម្លាប់មូសតាមកន្លែងរស់នៅរបស់ប្រជាពលរដ្ឋ ការចែកមុងជ្រលក់ថ្នាំ ព្រមទាំងត្រៀមសម្ភារ និងបណ្ដុះបណ្ដាលព្យាបាលរករោគវិនិច្ឆ័យ។

ជាមួយគ្នានោះក្រសួងសុខាភិបាល ក៏បានជំរុញលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យពេទ្យ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ជាមួយនឹងការយកចិត្ដទុក្ខដាក់ខ្ពស់ ដើម្បីសង្គ្រោះអ្នកជំងឺ ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស៕