ក្រសួងបរិស្ថានបានស្នើឱ្យ អង្គការ USAID បន្តសហការកិច្ចគាំពារបរិស្ថាន


រសៀលថ្ងៃពុធ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យលោកស្រី Rebecca black ប្រធានក្រុមបេសកកម្មនៃអង្គការUSAID ដឹកនាំក្រុមការងារគម្រោង USAID Greening Preylang នៃអង្គការ USAID ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងរាយការណ៍នូវវឌ្ឍនភាពការងារនៃការចាប់ផ្តើមអនុវត្តន៍គម្រោង។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា នៅក្នុងជំនួបនេះលោកស្រី Rebecca black មានប្រសាសន៍ សូមថ្លែងនូវអំណរគុណចំពោះកិច្ចសហការយ៉ាងល្អលើវិស័យបរិស្ថាន រវាងអង្គការ USAID និងក្រសួងបរិស្ថាននាពេលកន្លងមក និង សូមការអនុញ្ញាតសិក្សាឈ្វេងយល់បន្ថែមទៀត លើការងារគ្រប់គ្រងធនធានបរិស្ថាន របស់ក្រសួងក្នុងរយៈពេលនៃបេសកកម្មរបស់លោកស្រីនៅកម្ពុជារយៈពេល ១សប្តាហ៍នេះ។

ប្រភពដដែលបន្តថា ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណចំពោះវត្តមានលោកស្រី និងក្រុមការងារគម្រោង USAID Greening Preylang នៃអង្គការUSAIDប្រចាំនៅកម្ពុជាដែលបានសហការ និងរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព ក្នុងន័យនេះឯកឧត្តមរដ្ឋមន្រ្តីសំណូមពរដល់អង្គកា USAID សូមបន្តនូវកិច្ចសហការគាំទ្រជាមួយក្រសួងបរិស្ថានលើ ១-ការការពារតំបន់ការពារធម្មជាតិកម្ពុជា ជាពិសេសតំបន់ការពារធម្មជាតិព្រៃឡង់។ ២-ការបន្តចុះបញ្ជីដីសហគមន៍តំបន់ការពារធម្មជាតិព្រៃឡង់។ ៣-ការគិតគូរពីជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការផ្តល់នូវជំនាញវិជ្ជាជីវៈនានាសមស្របនឹងមូលដ្ឋាននោះ។ ៤.ការបញ្ជ្រាប និងជំរុញការអប់រំសហគមន៍មូល   ដ្ឋានលើចំណេះដឹងស្តីពីបរិស្ថាន ជាពិសេសកុមារតូចៗ និង យុវជនបន្តវេន។ ដោយឡែកចំពោះការងារផ្សេងៗទៀត ក្រសួងបរិស្ថានសូមស្វាគមន៍ និងចាត់ចែងរៀបចំឱ្យក្រុមការងារជំនាញបន្តកិច្ចសហការ ៕