ឯកឧត្តម ជា បូរ៉ា រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារ និងបែងចែកក្រុមការងារថ្នាក់ជាតិតាមឃុំនីមួយៗ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង


(ស្វាយរៀង)៖ ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់រោទិ៍ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានប្រជុំក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកំពង់រោទិ៍ ដើម្បីត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល និងដើម្បីបែងចែកការងារតាមឃុំនីមួយៗ នៅស្រុកកំពង់រោទិ៍ផងដែរ។

នាឱកាសនោះឯកឧត្តម ជា បូរ៉ា បានឱ្យដឹងថា ដើម្បីចូលរួមអនុវត្តនូវគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំបានរៀបចំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់រោទិ៍ ទទួលបន្ទុកតាមឃុំនីមួយៗ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ រួមចំណែកក្នុងការបង្កើនល្បឿនកំណែទម្រង់អភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណ ដោយបានផ្តល់កាលានុវត្តភាពក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបានស្នើឱ្យអនុប្រធាន និងសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្នុងស្រុកកំពង់រោទិ៍ ព្រមទាំងបុគ្គលិក និងអង្គភាពជំនាញពាក់ព័ន្ធជុំវិញរដ្ឋបាល សាលាស្រុកកំពង់រោទិ៍ ចូលរួមមតិយោបល់ ដោយលើកពីបញ្ហាប្រឈមដែលជួបប្រទះ និងសំណូមពរនានា ដើម្បីប្រមូលធាតុចូលក្នុងការរៀបចំផែនការសកម្មភាពនានាតាមឃុំ សំដៅអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្នុងន័យនេះ ដើម្បីរួមចំណែកគាំទ្រដល់ការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្នុងស្រុកកំពង់រោទិ៍ ត្រូវបានបង្កើតឡើងដើម្បីទទួលយកបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋនៅតាមឃុំនានាក្នុងស្រុកកំពង់រោទិ៍ ផ្អែកតាមផែនការសកម្មភាពរបស់ក្រុមការងារនីមួយៗ។

ឯកឧត្តម ជា បូរ៉ា ក៏បានសំណូមពរដល់ប្រធានក្រុមការងារ អនុប្រធានក្រុមការងារ និងសមាជិកចុះជួយតាមឃុំក្នុងស្រុកកំពង់រោទិ៍ ទទួលអនុវត្តដូចខាងក្រោម៖

* ត្រូវបង្កើនភាពជឿជាក់កក់ក្តៅ និងជិតស្និទ្ធជាមួយប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈការចុះជាប់មូលដ្ឋាន ការរៀបចំវេទិកាសាធារណៈ និងការធ្វើអំពើល្អរបស់អាជ្ញាធរ មន្រ្តី និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

* យកចិត្តទុកដាក់គិតគូរ និងដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរនានាដែលពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រព័ន្ធធារាសាស្ត្រ ការបង្កបង្កើនផល ការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅតាមភូមិ ឃុំ ស្រុក ការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត អនាម័យ សណ្តាប់ធ្នាប់សាធារណៈ ការរៀបចំផ្សារគំរូ ទីប្រជុំជនស្អាត ភូមិស្អាត និងផ្ទះស្អាតជាដើម។

* ជំរុញអនុវត្តចលនាប្រឡងប្រណាំងសេវាសាធារណៈល្អ ចាប់ពីថ្នាក់ភូមិ ឃុំ ដល់ថ្នាក់ស្រុក។

* ផ្សារភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវកម្មវិធីនយោបាយយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ គោលនយោបាយភូមិឃុំមានសុវត្ថិភាព កម្មវិធីគោលនយោបាយតាមវិស័យ និងសភាពការណ៍រួមរបស់ប្រទេសជាតិ ដោយផ្សារភ្ជាប់ជាមួយសភាពការណ៍នៅមូលដ្ឋាន និងជំរុញការអនុវត្តនៅគ្រប់ថ្នាក់ គ្រប់ផ្នែក និងការចូលរួមពីប្រជាពលរដ្ឋ។

* លើកកម្ពស់ការទទួលខុសត្រូវរបស់ក្រុមការងារនីមួយៗ តាមរយៈការត្រួតពិនិត្យតាមដាន និងគាំទ្រការអនុវត្ដកម្មវិធីគម្រោង និងផែនការសកម្មភាពនានានៅតាមមូលដ្ឋាន។

* រៀបចំផែនការសកម្មភាពការងារនៅតាមឃុំនីមួយៗ ពិសេសយកចិត្តទុកដាក់ដល់ការរៀបចំវេទិកាសាធារណៈ ឱ្យបានយ៉ាងតិចម្ដងក្នុងខែ ហើយសម្រាប់ឃុំដែលមានបញ្ហាប្រឈមត្រូវរៀបចំវេទិកា សាធារណៈទៅតាមស្ថានភាពជាក់ស្តែងរបស់ឃុំនីមួយៗ អាចលើសពី១ខែម្តង ដើម្បីក្តាប់យោបល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ហើយធ្វើរបាយការណ៍ជូនក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់រោទិ៍។

* កៀរគរធនធានពីប្រភពនានា ដើម្បីចូលរួមក្នុងការដោះស្រាយ ជីវភាពប្រជាពលរដ្ឋក៏ដូចជាការអភិវឌ្ឍមូលដ្ឋាន។

* សហការជំរុញ និងលើកកម្ពស់គណនេយ្យភាពរបស់រដ្ឋបាលឃុំ ភូមិ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

* ក្រុមការងារតាមឃុំនីមួយៗ ក្រោយពីបានរៀបចំវេទិកាសាធារណៈរួចហើយ ត្រូវធ្វើរបាយការណ៍មកប្រធានក្រុមការងារថ្នាក់ស្រុករៀងរាល់សប្តាហ៍ទី៣ នៃខែនីមួយៗ ដើម្បីក្រុមការងារស្រុកធ្វើរបាយការណ៍ជូនប្រធានក្រុមការងារថ្នាក់ខេត្ត៕