រាជរដ្ឋាភិិបាលបានបន្តកែលម្អជីវភាពប្រជាពលរដ្ឋជាង ៥១៤០គ្រួសារបន្ទាប់ទទួលបានគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២


កំពង់ធំ៖ រាជរដ្ឋាភិបាលបានបន្តកែលម្អជីវភាពប្រជាពលរដ្ឋជាង ៥១៤០គ្រួសារនៅខេត្តចំនួន៥អោយកាន់តែ ល្អប្រសើរឡើងបន្ទាប់ពីទទួលបានគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ក្នុងរយៈពេលជាង៣ឆ្នាំមកនេះ។

នាយកគម្រោងគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍ សេដ្ឋកិច្ចជំហានទី២ ហៅកាត់ថាឡាហ្សិត ២បានអោយដឹងថា គម្រោងនេះ កំពុងជំរុញប្រែក្លាយមុខមាត់ប្រជាពលរដ្ឋជាង ៥១៤០គ្រួសារ ឲ្យកាន់តែមានជីវភាពល្អប្រសើរ ដែលមាន ផ្ទះសម្បែងរស់នៅសមរម្យ មានដីសម្រាប់ធ្វើកសិកម្ម និងទទួលសេវាហេដ្ឋារចនាសម្ព័ន្ធនានា ដែលធ្វើឲ្យពួកគេមានជីវភាពធូធា កូនចៅបានទៅរៀនសូត្រ ដែលឆ្ពោះទៅកាត់បន្ថយភាពក្រី ក្រជូនប្រជាពលរដ្ឋ។

ថ្លែងក្នុងដំណើរទស្សនកិច្ចសិក្សាលើកទី២របស់អ្នកសារព័ត៌មានពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២នៅខេត្តកំពង់ធំនៅរសៀល ថ្ងៃទី២៧ ខែមិថុនា
ឯកឧត្តមបណ្ឌិត ដោក ដូម៉ា អគ្គនាយករងលំនៅដ្ឋាននៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងជានាយកគម្រោងឡាហ្សិតជំហានទី២បានឲ្យដឹងថា
គម្រោងនេះបានបែងចែកដីជូនប្រជា ពលរដ្ឋក្រីក្រទំហំ៣០ម៉ែត្រគុណនឹង៤០ម៉ែត្រសម្រាប់សាងសង់លំនៅដ្ឋាន ហើយផ្ទៃដីទំហំ ១ហិចតា សម្រាប់ដាំដុះដំណាំកសិកម្ម ដែលអនុវត្តន៍នៅលើទីតំាងចំនួន១៤កន្លែងស្ថិតក្នុងខេត្តចំនួន៥មានដូច ជាខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងក្រុមគ្រួសារ។

ឯកឧត្តមបញ្ជាក់ថា នៅក្នុងគម្រោងផ្តល់ដីជូនដល់អ្នកក្រីក្រនេះ រាជរដ្ឋាភិបាលមិនត្រឹមតែរៀបចំ ភូមិលំនៅដ្ឋានឲ្យបានត្រឹមត្រូវប៉ុណ្ណោះទេ គឺបានរៀបចំសហគមន៍នោះអោយមានផ្លូវថ្នល់ចេញចូលងាយស្រួល បង្កើតសាលារៀន ផ្សារសហគមន៍ បុស្តិ៍សុខភាព មានអណ្តូងទឹក និងស្រះទឹកស្អាត និងផ្ទះសម្រាប់គ្រូបង្រៀននិងក្រុមគ្រូពេទ្យផងដែរ ដែលនេះគឺជាការយកចិត្តទុក្ខដាក់របស់ ប្រមុខរាជរដ្ឋាភិបាលក្នុងការផ្តល់សេវានានាជូនដល់ប្រជាពលរដ្ឋឲ្យបានរស់នៅ កាន់តែមានភាពងាយស្រួលនៅក្នុងភូមិថ្មីដែលទើបតែបង្កើតឡើងនោះ។បន្ថែមពីនេះទៀតស្ថាបន័ជំនាញពាក់ព័ន្ធបានជួយបណ្តុះបណ្តាលបច្ចេកទេសដាំដុះ ឬប្រភេទដំណាំ ដែលត្រូវនឹងសមាសភាពដីដែលបានចែកជូន ផ្តល់ពូជដំណាំ ការសាងសង់ប្រព័ន្ធធារាស្រ្តនានាដើម្បីឆ្លើយតបទៅនឹងតម្រូវការស្រោចស្រព ដើម្បី
បង្កលក្ខណៈអោយប្រជាពលរដ្ឋទំាងនោះមានភាពងាយស្រួលក្នុងការដាំដុះឲ្យទទួលបានទិន្នផលខ្ពស់ដែលធានាបាន សន្តិសុខស្បៀងសម្រាប់សហគមន៍ផងនិងការបញ្ចេញលក់នៅទីផ្សារខាងក្រៅផង។

ឯកឧត្តម ម៉ា ប៊ុនធូ អនុប្រធានគ្រប់គ្រងគម្រោង ឡាសិត២ ប្រចាំខេត្តកំពង់ធំបានទទួលស្គាល់ថា គម្រោងបែងចែកដីសង្គម កិច្ចកំពុងអនុវត្តនៅក្នុងខេត្តកំពង់ធំកន្លងមកនេះបានជួយដោះស្រាយទុក្ខលំបាករបស់ ប្រជាកសិករបានច្រើន ឯកឧត្តមបានបន្តថាអាជ្ញាធរនឹងខិតខំបន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បី ជួយដល់ប្រជាពលរដ្ឋដែលក្រីក្របំផុតអោយមានដីធ្វើផ្ទះសម្បែង និងដីសម្រាប់ធ្វើកសិកម្ម ។

សូមបញ្ជាក់ថា គំរោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ នេះបានអនុវត្តន៍ដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិក្រសួងមហាផ្ទៃ ដែលមានរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ដោយគ្រោងបានចំណាយថវិកា ជាង២៦លាន៨សែនដុល្លារអាមេរិកបានមកពីការផ្តល់ហិរញ្ញប្បទានពីធនាគារពិភពលោកនិងការបដិភាគរបស់រាជរដ្ឋាភិបាលហើយមានប្រជាពលរដ្ឋទទួលផលមានចំនួនសរុប ចំនួន៥១៤១គ្រួសារ លើផ្ទៃដី ១ម៉ឺន៧០៤២ហិកតា៕