នាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា កម្ពុជាមិនស្ថិតនៅក្រោម ការត្រួតត្រា ប្រទេសណាទេ ហើយក៏មិន ឲ្យបរទេសណា មកជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងដែរ


ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់សារជាថ្មី នៅចំពោះមុខសមាជិក សមាជិការរាប់ពាន់នាក់ និងផ្តាំទៅមនុស្សមួយចំនួន ដែលចាំតែចាប់កំហុសកម្ពុជានោះ ថា គឺសម្តេចមិនឲ្យកម្ពុជា មិនស្ថិតនៅក្រោម ការត្រួតត្រាប្រទេសណាទេ ហើយក៏មិនឲ្យបរទេសណា មកជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងបានដែរ។

សម្តេចតេជោបន្តថា “ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីរំឭកជាថ្មីថា កម្ពុជាមិននៅក្រោមការត្រួតត្រា របស់ប្រទេសណានោះទេ ។ យើងមិនផ្ដល់ឱកាស សម្រាប់ឲ្យបរទេស មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់យើងឡើយ ។ យើងមិនត្រូវឱនក្បាល ចំពោះមុខការគាបសង្កត់ ឬការគំរាមកំហែង ណាមួយឡើយ ។ យើងធ្លាប់ទទួលរង រួចមកហើយ នូវការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌បំផុត ពីសំណាក់ប្រទេសក្រៅ “។

សម្តេចនាយករដ្ឋមន្រ្តី ឲ្យដឹងទៀតថា ការមិនឱនក្បាលរបស់កម្ពុជា គឺវាជាកិត្តិយសជាតិ របស់កម្ពុជា។

ក្នុងនាមប្រធាបគណបក្សកាន់អំណាច សម្តេចបន្តថា គណបក្សប្រជាជនកម្ពុជា ដែលបានដណ្តើមយកមក ជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង និងសេចក្តី
ថ្លៃថ្នូររបស់មនុស្ស នឹងបន្តដើរទៅមុខឥតងាករេ លើមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស ការគោរពសិទ្ធិមនុស្ស និង់នីតិរដ្ឋ ដែលស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយដែលនោះ គឺជាសិទ្ធិពេញលេញ និងមិនអាចរំលោភ បំពានបានរបស់ប្រជាជនកម្ពុជា ក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍន៍របស់ខ្លួន ៕