ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកស្នួល ដឹកនាំក្រុមការងារជិត៦០០នាក់ មកពីឃុំចំនួន៦ ប្រារព្ធខួប៦៨ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា


(ក្រចេះ)៖ ឯកឧត្តម លី ផល្លា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកស្នួល នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រារពខួប៦៨ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ឆ្នាំ១៩៥១-២៨ មិថុនា ឆ្នាំ២០១៩) នៅវិមានរណសិរ្ស សាម្គី២ធ្នូ ស្ថិតនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

ក្នុងពិធីនោះ ដោយមានការចូលរួមពីឯកឧត្តម គង់ គឹមនី ប្រធានគណៈកម្មាធិការគណបក្សស្រុកស្នួល ព្រមទាំង លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិការគណៈកម្មាធិការគណបក្សស្រុក លោក លោកស្រី លោក លោកស្រីក្រុមការងារចុះ សាខាបក្សភូមិ សកម្មជនយុវជន សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទូទាំងស្រុក ទាំង៦ឃុំ សរុបប្រមាណជាង៥៧០នាក់។

ឯកឧត្តម លោក គឹមនី បានអាននូវសុន្ទរកថា របស់សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីមិទ្ទិញខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមថា ការបង្កើតគណបក្សប្រជាជន ដើមី្បផលប្រយោជន៍របស់ប្រជាជន ហើយមកដល់ថ្ងៃនេះ មានអាយុកាល ៦៨ឆ្នាំហើយ ដែលជាគណបក្សចាស់ទុំខាងនយោបាយ និងបានចូលរួមតស៊ូរួមសុខរួមទុក្ខ ជាមួយប្រជាជនកម្ពុជា រំដោះជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ នាថ្ងៃ៧ មករា ១៩៧៩ បានបើកឡើងនូវទំព័រថ្មីនៃប្រវត្តិសាស្ត្រ កសាងមាតុភូមិរបស់ប្រជាជាតិខ្មែរឡើងវិញ។

ឯកឧត្តម លី ផល្លា បញ្ជាក់ថា «រយៈពេលជិត៤០ឆ្នាំ បន្ទាប់ពីថ្ងៃជ័យជម្នះ៧មករា ក្រោមកិច្ចដឹកនាំរបស់សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឲ្យសម្រេចជោគជ័យដ៏ធំធេងលើគ្រប់វិស័យ ក្នុងការកសាង អភិវឌ្ឍមាតុភូមិ និងលើកស្ទួយជីវភាពរបស់ប្រជាជន និងការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំ និងជំរុញការកសាងអភិវឌ្ឍន៍ ប្រទេសលើគ្រប់វិស័យ ប្រកបដោយនិរន្តរភាព ដែលជាសរសរស្តម្ភ គ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍបម្រើប្រទេសជាតិ ក្នុងការឆ្លើយតបទៅឆន្ទះម្ចាស់ឆ្នោត»

ឯកឧត្តមបន្តទៀតថា ដូចបងប្អូនដឹងស្រាប់ហើយ យើងមានប្រព័ន្ធឃោសនាច្រើនប្រភេទណាស់ ដូចជាទូរទស្សន៍ វិទ្យុ បណ្ដាញព័ត៌មាន ផ្សេងៗ ឬបណ្ដាញសង្គម បានផ្សព្វផ្សាយពីការដឹកនាំជោគជ័យរបស់ គណបក្យប្រជាជនកម្ពុជា ដែលគិតថា រយៈពេល ចុងក្រោយនេះ សេដ្ឋកិច្ចនៅកម្ពុជា បានកើនឡើងយ៉ាងខ្លាំង ដែលយើងសង្ឃឹមថា នៅឆ្នាំ២០៣០ខាងមុខនេះ ប្រទេសកម្ពុជា ក្លាយទៅកូននាគនៅអាស៊ី។

នៅបញ្ចប់ពិធីអបអរប្រារព្ធខួប៦៨ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ឯកឧត្តម គង់ គឹមនី ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្នួល បានរៀបចំកម្មវិធីហូបនំបញ្ចុកសាម្គីផងដែរ ។