រដ្ឋសភាបើកផ្លូវឲ្យមានការវិនិយោគលើវារីអគ្គិសនីមួយកន្លែងទៀតនៅខេត្តពោធិ៍សាត់


សមាជិករដ្ឋសភាសរុប១១២រូប ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កាលពីព្រឹកថ្ងៃទី១ ខែកក្កដា បានអនុម័តជាឯកច្ឆន្ទនូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រឲ្យក្រុមហ៊ុន អេស ភីអេច ភី(ខេមបូឌា) ឯ.ក ដើម្បីជាកិច្ចបើកផ្លូវចំពោះគម្រោងវិនិយោគលើការសាងសង់ទំនប់វារីអគ្គិសនីនៅ ពោធិ៍សាត់មួយកន្លែងទៀត ដែលមានប្រភពថាមពល៨០មេហ្កាវ៉ាត់ ក្រោយពីដាក់ឲ្យដំណើរការនៅ ឆ្នាំ២០២៣។

ឯកឧត្ដម ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសាវនកម្ម នៃររដ្ឋសភា បានលើកឡើងថា ការអនុម័តនូវសេចក្តីព្រាងច្បាប់នេះ ដើម្បីឲ្យរាជរដ្ឋាភិបាលកម្ពុជាផ្តល់ទំនុកចិត្ត ដល់ក្រុមហ៊ុនវិនិយោគលើការអភិវឌ្ឍវិស័យថាមពល សំដៅធានាដល់ការផ្គត់ផ្គង់អគ្គិសនី បានគ្រប់គ្រាន់ មាននិរន្តភាព ស្ថិរភាព ប្រសិទ្ធភាព និងមានតម្លៃសមរម្យ។

បើតាមការបញ្ជាក់របស់ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា គម្រោងវិនិយោគវារីអគ្គិសនីនេះ គឺកាត់ស្ទឹងពោធិ៍សាត់១ ស្ថិតនៅក្នុងសាស្ត្រ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការវិនិយោគនេះ ចំណាយដើមទុនសរុបជាង២៣០លានដុល្លារអាម៉េរិក ក្នុងរយៈពេលសម្បទាន៣៩ឆ្នាំ ដោយរយៈពេលប្រតិបត្តិការអាជីវកម្មផ្ទេរសិទ្ធិ (BOT)មានរយៈពេល៣៥ឆ្នាំ ខណៈ គម្រោងវិនិយោគនេះ ត្រូវបានរាជរដ្ឋាភិបាល លើកលែងពន្ធដល់ក្រុមហ៊ុនរយៈពេល៩ឆ្នាំ។

ឯកឧត្ដមបន្តថា ថាមពលអគ្គិសនីដែលក្រុមហ៊ុនផលិតបាន គឺត្រូវលក់មកឲ្យ អគ្គិសនីកម្ពុជាទាំងអស់នៅរដូវប្រាំង និងចំនួន៣០ភាគរយនៅរដូវវស្សា ក្នុងតម្លៃព្រមព្រៀងតាមកិច្ចសន្យា។
ទោះជាយ៉ាងនេះក្តី ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងថា គម្រោងវិនិយោគនេះ ក៏មានការប៉ះពាល់ដល់លំនៅឋាន ប្រជាពលរដ្ឋចំនួន៩២ខ្នង ស្មើនឹង៣៤៧គ្រួសារ ប៉ះពាល់ដីកសិកម្មរបស់ប្រជាពលរដ្ឋចំនួន២៦៩គ្រួសារ ស្មើនឹងផ្ទៃដីសរុបចំនួន៩.៣៥៥ហិកតា និងប៉ះពាល់ផ្ទៃ ដីព្រៃឈើសរុបចំនួន៦០០.៧២៤ហិកតា។ ជាមួយគ្នានេះ ក៏បានប៉ះពាល់ដល់ថនិកសត្វ៤៦ប្រភេទ ពពួកបក្សី១០១ប្រភេទ ពពួកល្មូន៦៣ប្រភេទ និងត្រីទឹកសាប៧៨ប្រភេទ៕