កម្ពុជា និងចិន ចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការគ្រប់គ្រងមូលបត្រ


លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការគ្រប់គ្រងមូលបត្រ ជាមួយគណៈកម្មការគ្រប់គ្រងមូលបត្រចិន នៅទីស្តីការគណៈកម្មការគ្រប់គ្រងមូលបត្រចិន ទីក្រុងប៉េកាំង ប្រទេសចិន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មការមូលបត្រកម្ពុជា ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ។

អនុស្សរណៈនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង បង្កើននូវកិច្ចសហប្រតិបត្តិការ រវាងនិយ័តករទាំងពីរ ដោយបង្កើនការយោគយល់គ្នាទៅវិញទៅមក និងការផ្លាស់ប្តូរគ្នា នូវព័ត៌មានបទប្បញ្ញត្តិ និងបច្ចេកទេសក្នុងក្របខ័ណ្ឌទីផ្សារមូលបត្រ កិច្ចសន្យាអនាគត និងផលិតផលវិនិយោតពាក់ព័ន្ធ ដែលមានប្រតិបត្តិការនៅក្រោមការគ្រប់គ្រង និងការត្រួតពិនិត្យរបស់និយ័តករនីមួយៗ។

ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ ថ្នាក់ដឹកនាំនៃនិយ័តករទាំងពីរ ក៏បានពិភាក្សាអំពីទិសដៅបន្ត លើយន្តការនៃការផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន ស្របតាមអនុស្សរណៈនៃការយោគយល់ យន្តការពង្រឹង
ការអនុវត្តច្បាប់ដើម្បីការពារទីផ្សារ និងអតិថិជន និងលទ្ធភាពក្នុងការផ្តល់ជំនួយបច្ចេកទេសសម្រាប់ការកសាងសមត្ថភាព៕