អភិបាលខេត្តប៉ៃលិន ជំរុញដល់កងកម្លាំងតំបន់ប្រតិបត្តិការសឹករងក្រុងប៉ៃលិន ត្រូវខិតខំកសាងអង្គភាព និងលេណដ្ឋាន ឱ្យបានរឹងមាំ បើទោះបីជាសភាពការព្រំដែនល្អប្រសើក៍ដោយ


ប៉ៃលិន៖ មានប្រសាសន៍នៅក្នុងឱកាស អញ្ជើញពិនិត្យមើលការកសាងសមិទ្ធផលនានា ក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រុងប៉ៃលិន នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ដែលអមដំណើរដោយឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជំរុញដល់នាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ាន តំបន់ប្រតិបត្តិការសឹករងក្រុងប៉ៃលិន ត្រូវរួមគ្នាខិតខំកសាងអង្គភាព និងលេណដ្ឋានឱ្យបានរឹងមាំ បើទោះបីជាសភាពការព្រំដែនល្អប្រសើក៍ដោយ ជាពិសេសត្រូវខិតខំធ្វើការហ្វឹកហ្វឺន សំដៅធ្វើការពង្រឹងកម្លាំង និងសកម្មភាពយោធា ក្នុងកិច្ចការពារសន្តិសុខសុវត្តិភាពសង្គម ការពារបូរណៈភាពទឹកដី អធិតេយ្យភាព ដើម្បីបង្កនូវបរិយាកាសល្អជូនរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន។

ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគិតគូខ្ពស់ពីសុខទុក្ខនិងជីវភាពរស់នៅដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារព្រំដែនគ្រប់ពេលវេលា ដូច្នេះដើម្បីឆ្លើយតបទៅនឹងសណ្តានចិត្ត និងបទបញ្ជារបស់សម្តេចតេជោ សែន ក្នុងការការពារនូវសុខសន្តិភាព ស្ថេរភាពនយោបាយ ពលទាហាន និងនាយទាហានទាំងអស់ ត្រូវខិតខំពង្រឹងគោលជំហរឱ្យបានរឹងមាំ ដោយគោរពវិន័យ និងបទបញ្ជារបស់ថ្នាក់លើឱ្យបានយ៉ាងភ្ជាប់ខ្ជួន ដើម្បីពង្រឹងកិច្ចការពារបូរណៈភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាយើង កុំឱ្យខ្មាំងសត្រូវចូលឈ្លានពានបានជាដាច់ខាត។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានផ្តាផ្ញើដល់នាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ានទាំងអស់ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ជាពិសេសត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងភាគីថៃ ឱ្យបានល្អថែមទៀត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមព្រំដែន ធ្វើយ៉ាងណាឱ្យព្រំដែនមួយមានសន្តិភាព និងមានការអភិវឌ្ឍ រីកចំរើនលើគ្រប់វិស័យ។

បើតាមរបាយការណ៍របស់លោកវរៈសេនីយ៍ទោ ជួប វុទ្ធី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រុងប៉ៃលិន បានឱ្យដឹងថា៖ បច្ចុប្បន្នអង្គភាព កំពុងកសាងអាគារសម្រាប់កងកម្លាំងធ្វើការទៅតាមផែនជំនាញ ដោយមាន បណ្តោយ ២១ម៉ែត្រ ទទឹង ០៦ម៉ែត្រ មានចំនួន ០៦បន្ទប់ ហើយនៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត ក៍បានឧបត្ថម្ភថវិកាចំនួន ២០០០ដុល្លារ ដល់អង្គភាព ដើម្បីបង្ហើយការកសាងផងដែរ។