ក្រុមហ៊ុនលំដាប់យក្សចិនមួយមានបំណងវិនិយោគលើវិស័យជាច្រើនក្នុងខេត្តកណ្តាល


ខេត្តកណ្តាល ក្រុមហ៊ុន Zhejiang Epoch Investment Co .Ltd ដែលជាក្រុមហ៊ុនដ៏ធំរបស់មហាយក្សសេដ្ឋកិច្ចចិន បានប្រកាសពីគោលបំណងរបស់ខ្លួន ក្នុងការវិនិយោគលើវិស័យសំខាន់សំខាន់ៗជាច្រើននៅក្នុងខេត្តកណ្តាល ខណៈខេត្តជាប់ភ្នំពេញមួយនេះកំពុងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។

លោក សុង សូសេង អគ្គនាយកក្រុមហ៊ុន Zhejiang Epoch Investment Co .Ltd បានឱ្យដឹងនៅក្នុងជំនួបជាមួយ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនគ្រោងនឹងវិនិយោគលើវិស័យជាច្រើនក្នុងខេត្តកណ្តាល រួមមមាន គំរោង វិនិយោគលើវិសយ័ថាមពលអគ្គិសនីដើរដោយសំរាម មានអនុភាព ៥០មេហ្គាវ៉ាត់ ចំនួន១ទីតាំង និងថាមពលអគ្គិនីដើរដោយធ្យូងចំនួន២តាំង។ គំរោងសាងសង់សួនឧស្សាហកម្មខ្នាតធំជំហ៊ានទី១ ចំនួន១០០រោងចក្រ ដោយប្រើប្រាស់បច្ចកវិទ្យាទំនើប និងសិក្សាលើផលិតផលកសិកម្មដូចជា ត្រី ស្រូវ ម្ទេស និងផ្លែឈើជាដើម សំរាប់ការនាំចេញទៅខេត្តស៊ីជាំង។

រដ្ឋបាលខេត្តកណ្តាល និងគណៈប្រតិភូក្រុមហ៊ុនចិន ខេត្តស៊ីជាំង កបានពិភក្សាលើការងារទំនាក់ទំនងទ្វេភាគីវរវាងខេត្តស៊ីជាំង និងខេត្តកណ្តាលផងដែរ ដើម្បីឈានទៅរកការចុះកិច្ចព្រមព្រៀង MOU ខេត្តកណ្ដាល និងខេត្តស៊ីជាំង បន្ទាប់ពីមានការឯកភាពពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ

ឯកឧត្តម ម៉ៅ ភិរុណអភិបាលខេត្តកណ្ដាលបានឱ្យដឹងដឹងដែរថា ខេត្តកណ្ដាលមានសក្ដានុពលដូចជា វិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ជាវិស័យគោលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត។ ខេត្តកណ្តាលមានភូមិសាស្ត្រល្អ ហ៊ុព័ទ្ធជុំវិញរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសជាង៤៧០ ក្នុងនោះមានរោងចក្រកាត់ដេសំលៀកបំពាក់ និងដេរស្បែកជើងចំនួន ១៨៣ រោងចក្រ មានកម្មករជាង ១៦ម៉ឺននាក់ រកចំនូលបាន៣៧លាន$ក្នុង១ខែៗ ហើយជារៀងរាល់ឆ្នាំខេត្តកណ្តាលសល់ស្បៀងគិតជាអង្កជាង ៥ម៉ឺនតោនសម្រាប់ការនាំចេញ។

ឯកឧត្តមបន្តថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកណ្ដាល មានភ្ជាប់ជាមួយផ្លូវជាតិធំៗសំខាន់ៗជាច្រើនសម្រាប់ តភ្ជាប់ទៅកាន់បណ្ដាខេត្តនានា ដូចជាផ្លូវជាតិលេខ ១ លេខ ២ លេខ ៣ លេខ ៤ លេខ ៥ លេខ ៦ លេខ ៨ លេខ ១១ លេខ ២១ និងលេខ ៥១។ ខេត្តកណ្ដាលក៏មានស្ពានធំៗឆ្លងទន្លេផងដែរ នៅមានដូចជាស្ពានអ្នកលឿង ស្ពានព្រែកតាមាក់ ស្ពានព្រែកក្តាម ស្ពានកោះធំ ស្ពានព្រែកសំរោង នឹងមានស្ពានកោះអន្លង់ចិនដែលនឹងកសាងនៅពេលខាងមុខនេះ។

ជាពិសេសខេត្តកណ្ដាលឆាប់ៗខាងមុខនេះ ព្រលានយន្តហោះកម្រិតអន្តរជាតិ១កន្លែង ដែលបានចំណាយទឹកប្រាក់លើការវិនិយោគ ប្រមាណ១៥០០លានដុល្លារលើទំហំផ្ទៃដីជាង២៧០០ហិកតា។ ដូចនេះ ខេត្តកណ្ដាលជាខេត្តមួយ ដែលមានសក្តានុពលល្អ សម្រាប់ក្រុមហ៊ុននានា ចូលមកវិនិយោគនាថ្ងៃខាងមុខ។ នេះបើតាមអភិបាលខេត្តកណ្តាលដដែល