ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនអាចជោគជ័យទៅបាន ទាមទារនូវការរៀបចំចាត់ចែងយន្តការដឹកនាំយ៉ាងហ្មត់ចត់ និងច្បាស់លាស់នៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន


ព្រះសីហនុ: ដើម្បីពញ្ញាក់ស្មារតី និងក្រើនរំឭកដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យយកចិត្ដទុកដាក់នឹងចូលរួមយ៉ាងសកម្មក្នុងការបង្ការទប់ស្កាត់គ្រឿងញៀន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អភិបាល នៃគណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធសិស្ស និស្សិត និងសិស្សានុសិស្ស បានប្រារព្ធពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ មិថុនាឆ្នាំ ២០១៩ ក្រោមប្រធានបទ “សុខភាព ដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព” (Health for Justice Justice forHealth) នៅសាលាខេត្ដព្រះសីហនុ ថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែកក្កដា គ.ស ២០១៩។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងប្រាប់ថា គោលជំហរ និងឆន្ទៈរបស់រាជរដ្ឋាភិបាលធ្វើយ៉ាងប្ដូរផ្ដាច់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយធ្វើការណែនាំដល់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ឲ្យមានការចូលរួមពីវិស័យឯកជន សាសនា និងគ្រប់ដៃគូពាក់ព័ន្ធ បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីថែរក្សាការពារសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ។

ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលយើងទទួលបានលទ្ធផលល្អប្រសើរ គឺទាមទារនូវការរៀបចំចាត់ចែងយន្តការដឹកនាំយ៉ាងហ្មត់ចត់ និងច្បាស់លាស់នៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដោយមានការគាំទ្រពីគ្រប់ផ្នែកគ្រប់វិស័យ ទាំងក្នុងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅជំរុញការអនុវត្តឲ្យដំណើរការព្រមគ្នា ប្រកបដោយការទទួលខុសត្រូវ និងការទប់ស្កាត់ការចរាចរណ៍គ្រឿងញៀននៅក្នុងមូលដ្ឋាន មានន័យថា ទាំងការងារផ្សព្វផ្សាយអប់រំ ការងារព្យាបាល ស្ដារនីតិសម្បទា និងការអនុវត្តច្បាប់ត្រូវតែបានអនុវត្តព្រមគ្នា និងបំពេញឱ្យគ្នាទៅវិញ ទៅមកនៅថ្នាក់មូលដ្ឋានតែម្ដង ដោយពុំចាំបាច់សុំកិច្ចអន្តរាគមន៍ពីថ្នាក់លើនោះទេ ទើបការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបានជោគជ័យ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា សារលិខិតរបស់អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ប្រធានបទ ដែលយើងលើកយកមកសម្រាប់ឆ្នាំនេះ គឺ”សុខភាព ដើម្បីយុត្តិធម៌ យុត្តិធម៌ ដើម្បីសុខភាព” (Health for Justice Justice forHealth) ក្នុងគោលបំណងឆ្លុះបញ្ចាំងឱ្យឃើញពីតម្រូវការចាំបាច់ប្រកបដោយតម្លាភាពនៃការចូលរួមគាំទ្រទៅវិញទៅមករវាងផ្នែកអនុវត្តច្បាប់ ផ្នែកសុខភាព និងផ្នែកសង្គមកិច្ចក្នុងការលើកកម្ពស់ប្រសិទ្ធភាពរួមគ្នាដោះស្រាយបញ្ហាស្មុគស្មាញ និងដ៏ប្រឈមមួយនេះ។ ការប្រារព្ធទិវាជាតិនេះផ្សារភ្ជាប់ជាមួយនឹងពាក្យស្លោកថា “ចូលរួមលុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅរបស់យើង” ក្នុងគោលបំណងបន្តពង្រឹងការចូលរួម និងគាំទ្រពីគ្រប់មជ្ឈដ្ឋានឲ្យកាន់តែមានសកម្មខ្លាំងក្លាថែមទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលជោគជ័យថ្មីៗនៅពេលខាងមុខ។ ព្រមទាំងអំពាវនាវឲ្យយកកូន ចៅ ទៅព្យាបាល និងស្តារនីតិសម្បទា និងបំណិនជីវិតរហូតពួកគេទទួលបានមកវិញនូវសម្បទាល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត និងទទួលបានមកវិញនៅសម្បទាល្អចិញ្ចឹមជីវិត និងកសាងគ្រួសារមួយដ៏ល្អនៅក្នុងសង្គម។

សូមបញ្ជាក់ថា ដើម្បីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបានជោគជ័យ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានបន្ដអំពាវនាវដល់អ្នកវិនិយោគ ឬអាជីវករ ដែលប្រកបមុខរបរ ឬអាជីវកម្មនៅតាមទីកន្លែងងាយកើតមានបទល្មើសគ្រឿងញៀន ត្រូវយកចិត្ដទុកដាក់គោរពច្បាប់ និងសេចក្ដីណែនាំនានា ដោយជៀសវាងឲ្យបាននូវរាល់សកម្មភាព ឬអំពើទាំងឡាយណា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។
ត្រូវយកចិត្ដទុកដាក់ចូលរួមថែមទៀតក្នុងការបង្ការ និងទប់ស្កាត់រាល់បទល្មើស ពិសេសបទល្មើស ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ដោយត្រូវសហការ និងរាយការណ៍ជូនសមត្ថកិច្ចនូវអ្វី ដែលជាសញ្ញានៃការប្រើប្រាស់ ឬជួយដូរគ្រឿងញៀននៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន៕