សម្តេចពិជ័យសេនា ទៀ បាញ់ បំពាក់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ និងប្រកាសចូលកាន់តំណែងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ ជូនលោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ


(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានបំពាក់ឋានន្តរស័ក្តិថ្នាក់នាយកឧត្តមសេនីយ៍ (ផ្កាយ៤) និងប្រកាសចូលកាន់តំណែងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ ជូនដល់លោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ។

ពិធីនេះរៀបចំឡើងក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តអនុវត្តការងារ សម្រាប់ឆមាសទី២ ឆ្នាំ២០១៩។

សូមជម្រាបថា ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ បានចេញព្រះរាជក្រឹត្យមួយ ដំឡើងឋានន្តរស័ក្តិ ឯកឧត្តម យន្ត មីន ជានាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ។

ការដំឡើងឋានន្តរស័ក្តិ និងតែងតាំង ឯកឧត្តម យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមបញ្ជាក់ថា ឯកឧត្តម យន្ត មីន បានសុំលាលែងពីតំណែងអភិបាលខេត្តព្រះសីហនុ បន្ទាប់ពីមានករណីរលំបាក់អគារកម្ពស់៧ជាន់ គ្មានច្បាប់អនុញ្ញាតមួយ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។

ករណីនេះ បណ្តាលឱ្យមានមនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់ ដែលក្រុមអ្នករុករក និងសង្រ្គោះបានប្រើប្រាស់រយៈពេល២ថ្ងៃកន្លះ ទើបអាចរកជនរងគ្រោះ ដែលកប់ក្នុងគំនរកម្ទេចអគារឃើញអស់ផងដែរ៕