គណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា


មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី បានរៀបចំប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងជាប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះមូលដ្ឋាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង៥ក្នុងខេត្ត ព្រះសង្ឃ ប្រជាពលរដ្ឋ និងក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូ នៃខេត្តចំនួនបី គឺខេត្តប៊ិញភឿក ខេត្តដាក់ណុង និងខេត្តដាក់ឡាក់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម សរុបប្រមាណជា៧០០នាក់។
ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានឡើងអានសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០១៩) ដោយមានខ្លឹមសារថា ក្នុងរយៈពេល៦៨ឆ្នាំកន្លងមកនេះ ទោះបីត្រូវប្រឈម នឹងការវិវត្តន៍ដ៏ស្មុគស្មាញបំផុត នៃសភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិយ៉ាងណាក្តីក៏គណបក្សប្រជាជនកម្ពុជាបានស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ហើយកម្លាំងប្រមូលប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រលាញ់លទ្ធិប្រជាធិបតេយ្យនិងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជា ជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានមានប្រសាសន៍ថា គណបក្សប្រជាជនបានដឹកនាំយុវជនរណស្សិសាមគ្គីសង្គ្រោជាតិកម្ពុជា បានរំដោះប្រទេសឱ្យចេញផុតពីការកាប់សម្លាប់ ពីរបបប្រល័យពូជសាសន៍ ធ្វើឱ្យកម្ពុជាលេចមុខ លេចមាត់នៅក្នុងតំបន់អាស៊ី ក៏ដូចជានៅលើឆាកអន្តរជាតិ និងធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ដូច្នេះ ឯកឧត្តម បានស្នើដល់សមាជិកគណបក្សទាំងអស់ ត្រូវធ្វើជាគំរូល្អ និងមានសីលធម៌រស់នៅ ការសិក្សារៀនសូត្រ ការដើរតាមលំនាំរបស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីដណ្តើមយកសេចក្តីសុខសន្តិភាពសំរាប់ជាតិ និងប្រជាជន។ ម្យ៉ាងទៀតយុវជនទាំងអស់ ត្រូវតែចងចាំមិនភ្លេចចំពោះគុណូបការៈរបស់យុទ្ធជន យុទ្ធនារី និងយកគំរូដ៏ប្រពៃទាំងនេះ មកអនុវត្តសំរាប់ការពារជាតិមាតុភូមិ និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ការពារជំនឿ សាសនា និងរាល់អ្វីៗទាំងអស់សំរាប់ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ៕