គ្រួសាររងគ្រោះធម្មជាតិខ្យល់កន្រ្តក់៤១គ្រួសារទទួលអំណោយពីកាកបាទក្រហមខេត្តតាកែវ


តាកែវ៖ឯកឧត្តម អ៊ូច ភា អភិបាលនៃគណអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តតាកែវ លោកជំទាវ នូ សុវណ្ណនី ប្រធានសាខាកាកបាទក្រហមខេត្ត រួមជាមួយសប្បុរសជន នាព្រឹកថ្ងៃទី០២ ខែ កក្កដា ឆ្នាំ២០១៩ បានអញ្ជើញចុះចែកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ជូនគ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តក់ ចំនួន៤១គ្រួសារ នៅស្រុកបូរីជលសារ ។
នៅក្នុងឱកាសចុះចែកអំណោយមនុស្សធម៌របស់កាកបាទក្រហម ឯកឧត្តម អ៊ូច ភា ប្រធានកិតិ្តយសសាខាកាកបាទក្រហមខេត្ត ក៏បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តមកិត្តនីតិកោសលបណ្ឌិត ប៊ិន ឈិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ មកជម្រាបជូនបងប្អូនដោយក្តីនឹករំលឹក ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ទីទ័លក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនរើស អើងវណ្ណៈ ប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។
ឯកឧត្តមប្រធានកិត្តិយសសាកខា បន្តទៀតថា ទីណាមានទុក្ខលំបាក និងមានគ្រោះមហន្តរាយនានា ទីនោះតែងតែមានមន្រ្តីគ្រប់លំដាប់ថ្នាក់ និងមន្រ្តីកាកបាទក្រហម ចុះទៅដល់ភ្លាមៗ ពោលគឺកាកបាទក្រហមកម្ពុជា នឹងនៅជិតប្រជាពលរដ្ឋ ចុះជួយបងប្អូនគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនទុកឲ្យនរណាម្នាក់ស្លាប់ដោយសារតែអត់អាហារដែលយើងមិនបានដឹងនោះឡើយ ។
ឯកឧត្តម អ៊ូច ភា បន្ថែមទៀតថា សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តែងតែណែនាំទៅដល់មន្រ្តីកាកបាទក្រហម ពិសេសក្រុមយុវជនកាកបាទក្រហម ឲ្យចុះជួយបងប្អូនប្រជាពលរដ្ឋណា ដែលមានទុក្ខលំបាកលើបញ្ហាជីវភាព ជួបគ្រោះធម្មជាតិនានា ជនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយទីទល់ក្រជាដើម ជាពិសេសគឺឧស្សាហ៍ចុះសាកសួរសុខទុក្ខបងប្អូងប្រជាពលរដ្ឋឲ្យដល់ខ្នងផ្ទះ ។
ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា ក៍បានធ្វើការផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវអនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ព្រោះបើកាលណាបងប្អូនប្រកាន់យករបៀបរស់នៅស្អាត និងមានអនាម័យល្អ ពិសេសគឺត្រូវប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ដែលកើតមានឡើងដោយកត្តាប្រែប្រួលអាកាសធាតុ ។
អំណោយដែលបានផ្តល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស កន្ទេល១ មុង១ ភួយ១ សារុង១ ក្រម៉ា១ អាវយឺត និងថវិកាចំនួន ហើយដោយឡែកចំពោះគ្រួសារដែលរងគ្រោះធ្ងន់ ទទួលថវិកាពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ ចំនួន៥០ម៉ឺនរៀលផងដែរ ៕