ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ចំនួន០២រូប


ព្រឹកថ្ងៃ ពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

ពិធីនេះផងដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំង អភិបាលក្រុង ស្រុក ព្រមទាំងលោកមេឃុំ ចៅសង្កាត់ ។

សូមជម្រាបថា ត្រូវបានប្រកាសតែតាំង អភិបាលរង នៃគណៈអភិបាលខេត្ត ចំនួន០២រួប ៖ ត្រូវបានតែងតាំង លោក យឹម សៀប ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ជំនួស លោក ប៊ុត គឹមស៊ាន ដែលបានចូលនិវត្តន៍ និងត្រូវបានប្រកាសតែងតាំង លោកស្រី សុំ ចិន្តា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសលោកស្រី ញុឹក សាគន្ធ ដែលបានចូលនិវត្តន៍ ។

បន្ទាប់ពីមតិស្វាគមន៍របស់លោក សឿម ប៊ុនរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តរួចមក លោក យឹម សៀប អភិបាលរង នៃគណៈអភិបាលខេត្តដែលទើបបានតែងតាំងថ្មីបានឡើងប្តេជ្ញាចិត្តក្នុងអង្គពិធីថា ក្រោយបានការតែងតាំងហើយ លោកនឹងខិតខំធ្វើការងារបំរើការងារទាំងក្នុងរដ្ឋបាលខេត្តនិងប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀតផងដែរ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងហាផ្ទៃ បានមានប្រសាសន៍នៅក្នុងពិធីថា ដើម្បីបំពេញជួរថ្នាក់ដឹកនាំរដ្ឋបាលខេត្តដែលបានចូលនិវត្តន៍ចំនួន២រូបហើយនិងយោងតាមការចាំបាច់របស់រដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃ
បានផ្តល់សេចក្តីទុកចិត្តតែងតាំងអភិបាលរងចំនួន២រូប ដែលមានអភិបាលរងជាបុរស់ម្នាក់និងស្រ្តីម្នាក់ ក្នុងនោះមានលោក យឹម សៀប ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ជាអភិបាលរងខេត្តថ្មី និងលោកស្រី សុំ ចិន្តា ពីអភិបាលរងក្រុងបាត់ដបងមកជាអភិបាលរងខេត្តថ្មី។

ឯកឧត្តម បានធ្វើការផ្តាំផ្ញើដល់ថ្នាក់នាំខេត្តទាំងអស់ត្រូវមានការសាមគ្គីផ្ទៃក្នុងល្អ ពង្រឹងការងារឲ្យមានប្រសិទ្ធភាពនិងដើម្បីបំរើប្រជាពលរដ្ឋឲ្យបានល្អគឺត្រូវពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋឲ្យបានល្អឲ្យពួកគាត់រស់នៅបានសុខសុវត្តិភាពនៅតាមមូលដ្ឋាន។