ប្រជាពលរដ្ឋនៅក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុងទទួលរងនូវការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកបានអំពាវនាវយ៉ាងទទូចដល់មន្ត្រីជំនាញចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក


ត្បូងឃ្មុំ (ឃុំមៀន)៖ ប្រជាពលរដ្ឋនៅក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុងទទួលរងនូវការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកបានអំពាវនាវយ៉ាងទទូចដល់មន្ត្រីជំនាញនៃ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកដ៏សាហាវនេះដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈផង និងអាចធ្វើឱ្យប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋ ដោយសារតែអាចធ្វើឱ្យមុខរបរចិញ្ចឹមជ្រូករបស់ពលរដ្ឋប្រឈមមុខនឹងការខាតបង់ដើមទុនកាន់តែខ្លាំង។ ការអំពាវនាវដ៏ទទូចនេះ ធ្វើឡើងនៅអំឡុងពេលនៃជំនួបផ្ទាល់ជាមួយក្រុមការងារចុះជួយស្រុកអូររាំងឪ
ដឹកនាំដោយឯកឧត្តម អ៊ាង សុផល្លែត នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០១៩ នេះ។

ឯកឧត្តមអ៊ាង សុផល្លែត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយស្រុកអូររាំងឳ អមដំណើរដោយលោកអភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំសហការីនៃក្រុមការងារចុះជួបផ្ទាល់ជាមួយប្រជាកសិករចិញ្ចឹមជ្រូកក្នុងឃុំមៀន ក្រោយពីទទួលបានព័ត៌មានស្តីពីការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅ ភូមិកំពូលសេរី និងភូមិសោយ ក្នុងឃុំមៀន ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ដេីម្បីពិនិត្យស្ថានភាពជាក់ស្ថែង និងចូលរួមដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

ក្រោយពីបានចុះពិនិត្យនៅទីតាំងនៃកន្លែងចិញ្ចឹមជ្រូករបស់គ្រួសារកសិករ និងស្តាប់នូវរបាយការណ៍សង្ខេបរបស់លោកអភិបាលស្រុក ប្រធានការិយាល័យ បសុព្យាបាល រួច ឯកឧត្តមអ៊ាង សុផល្លែត បានជម្រាបជូនបងប្អូនប្រជាកសិករ ជាពិសេសអ្នកចិញ្ចឹមជ្រូកអំពីវិធីទប់ស្កាត់ការរីករាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក ដូចជា:

១. បំបែកសត្វដែលសង្ស័យថា ឈឺចេញឱ្យឆ្ងាយពីហ្វូងជាបន្ទាន់ ២. កុំឱ្យជ្រូកស៊ីកាកសំណល់ផ្ទះបាយ និងដុតកម្ទេចសត្វដែលងាប់រួចជីកកប់ដីឱ្យជ្រៅ ដោយសុវត្ថិភាព

៣. ធ្វើអនាម័យទ្រុងជ្រូកឱ្យស្អាតជាប្រចាំ រំងាប់មេរោគដោយប្រើថ្នាំដែលណែនាំដោយអ្នកជំនាញខាងពេទ្យសត្វ

៤. បញ្ឈប់សកម្មភាពចល័តសត្វ និងសាច់សត្វ ពីកន្លែងមានផ្ទុះជំងឺ ទៅកន្លែងផ្សេងៗដែលកំពុងមានសុវត្ថិភាព និងនៅមានវិធីសាស្ត្របង្ការ និងទប់ស្កាត់ជាច្រើនផ្សេងទៀត

ឯកឧត្តមក៏បានណែនាំពីវិធីការពារជំងឺផ្សេងៗទៀតតាមរយ:គោលការរណ៍ចិញ្ចឹមសត្វល្អ (Good Animal Husbandary Practives, GAHP) ដែលរួមមាន៖ ១. ការថែទាំទូទៅ៖ គឺទ្រុងត្រូវមានទីតាំងនៅឆ្ងាយពីទីប្រជុំជន និងមានទំហំធំល្មម ដែលអាចការពារសត្វពីភ្លៀងនិងកំដៅ។ អ្នកចិញ្ចឹមត្រូវយកចិត្តទុកដាក់លើបញ្ហា សម្អាតសត្វនិងទ្រុងជាប្រចាំ និងត្រូវមានប្រព័ន្ធបង្ហូរទឹកនិងកន្លែងទុកដាក់កាកសំណល់និងលាមកសត្វឱ្យបានត្រឹមត្រូវ។
ចំពោះករណីជ្រូក៖ ត្រូវចាក់វ៉ាក់សាំងជំងឺសំខាន់ៗ តាមកាលវិភាគ។ ក្នុងករណីមានសត្វឈឺ ត្រូវបំបែកសត្វឈឺចេញពីហ្វូង។ ជាមួយនេះ អ្នកចិញ្ចឹមត្រូវមានសៀវភៅកត់ត្រាពីអត្តសញ្ញាណសត្វនិងកាលវិភាគផ្សេងៗ ដូចជាអាយុសត្វ ថ្ងៃខែចាក់វ៉ាក់សាំងសត្វ ពេលវេលាបង្កាត់ និងចំនួនសត្វងាប់ឬលក់ជាដើម។

២. ការផ្ដល់ទឹក និងចំណី៖ អ្នកចិញ្ចឹមត្រូវផ្តល់ទឹកស្អាតនិងចំណីមានគុណភាពគ្រប់គ្រាន់ជាប្រចាំដល់សត្វ និងត្រូវប្រើប្រាស់ចំណីផ្សេងគ្នាទៅតាមប្រភេទសត្វនិងអាយុសត្វ។ ប្រសិនបើប្រើប្រាស់ចំណីសម្រេចពីទីផ្សារ ត្រូវប្រើប្រាស់ចំណីដែលមានចុះបញ្ជីត្រឹមត្រូវ មិនផុតកំណត់ប្រើប្រាស់ និងមានតម្លៃប្រកួតប្រជែង។ ប្រសិនប្រើប្រាស់ចំណីផ្សំខ្លួនឯង ត្រូវរក្សានិងទុកដាក់វត្ថុធាតុដើម និងឧបករណ៍ផ្សំចំណីឱ្យបានត្រឹមត្រូវ។

៣. ការជ្រើសរើសពូជ៖ ប្រើប្រាស់ពូជនាំចូលឬក្នុងស្រុកដែលផ្តល់សាច់ឬកូនច្រើន។ ជ្រើសរើសចិញ្ចឹមជ្រូកដែលមានប្រវត្តិច្បាស់លាស់ និងជៀសវាងការប្រើប្រាស់ជ្រូកជាន់ឈាម។

ក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ាង សុផល្លែត ក៏បានដឹកនាំប្រជុំជំរុញការអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងត្រៀម សហការ ជាមួយ មន្ត្រី ជំនាញរបស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនិងចុះមកនៅថ្ងៃស្អែក ឬខានស្អែកនេះ។

គួរបញ្ជាក់ថា ក្រៅពីការកំណត់របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទថាភូមិកំពូលសេរី និងភូមិសោយ ក្នុងឃុំមៀន ស្រុកអូររាំងឪ ជាតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក កន្លែងមួយចំនួនទៀតត្រូវបានគេរាយការណ៍នៅលើបណ្តាញសារព័ត៌មានថាមានសត្វជ្រូកស្លាប់ដែល សង្ស័យថាមានពាក់ព័ន្ធនឹងជំងឺប៉េស្តជ្រូកដែរដូចជានៅស្រុកអង្គរបុរីខេត្តតាកែវ និងខេត្តជាប់ព្រំដែនវៀតណាមមួយចំនួនទៀតដែលចាំបាច់ត្រូវការចំណាត់ការជាបន្ទាន់ពីមន្ត្រីជំនាញរបស់ក្រសួងកសិកម្ម ក៏ដូចជាស្ថាប័នពាក់ព័ន្ធដើម្បីគ្រប់គ្រងមហន្តរាយនៃជំងឺនេះកុំឱ្យរីករាលដាលខ្លាំង៕