នាយឧត្តមសេនីយ៍ គន់ គីម បំពាក់មេដាយជូនកម្លាំងនគរបាល និងបុគ្គលិកកំពង់ផែស្វយ័តក្រុងព្រះសីហនុដែលចូលរួមប្រតិបត្តិការរុករក និងសង្គ្រោះជនរងគ្រោះ ដោយរលំបាក់អគារ៧ជាន់


(ព្រះសីហនុ)៖ បន្ទាប់ពីបំពាក់មេដាយជូនយោធាហើយនោះ នាយឧត្តមសេនីយ៍ គន់ គីម បំពាក់មេដាយជូនកម្លាំងនគរបាល ដែលចូលរួមប្រតិបត្តិការរុករក និងសង្គ្រោះជនរងគ្រោះ ដោយរលំបាក់អគារ៧ជាន់ ក្នុងខេត្តព្រះសីហនុ។

ថ្លែងក្នុងបិធីបំពាក់មេដាយជូនកងកម្លាំងនគរបាល និងបុគ្គលិក កម្មករ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានចូលរួមសង្គ្រោះកម្មកររងគ្រោះក្នុងហេតុការណ៍បាក់រលំអគារកំពស់៧ជាន់នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានហៅការបាក់អគារនេះថា ជាឧបទ្ទវហេតុដ៏រន្ធត់ ព្រោះវាបានសម្លាប់កម្មករអស់ចំនួន២៨នាក់ និងបង្កឱ្យរងរបួសធ្ងន់ស្រាលចំនួន២៦នាក់ ផ្សេងទៀត។

នាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ថា នេះជាមេរៀនដ៏ជូរចត់មួយសម្រាប់ទាំងអស់ គ្នា ដែលចាំបាច់ត្រូវតែគិតគូ និងត្រួតពិនិត្យឱ្យបានដិតដល់បំផុតចំពោះការដ្ឋានសំណង់នានា អំពី លក្ខណៈបច្ចេកទេស និងគុណភាពនៃសំណង់ដើម្បីចៀសវាងការបង្កជាវិនាសកម្មដូចដែលយើងបាន ជួបប្រទះកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ។

នាយឧត្តមសេនីយ៍ថ្លែងបន្តថា ខេត្តព្រះសីហនុ ពិសេសក្រុងព្រះសីហនុ កំពុងមានអភិវឌ្ឍខ្លាំង ក្នុងនោះសំណង់អគារតូចធំ ខ្ពស់ទាបជាច្រើនបាន និងកំពុងសាងសង់ឡើងជាបន្តបន្ទាប់។ ដូច្នេះវាទាមទារឱ្យមានការត្រួតពិនិត្យជាប្រចាំអំពីសុវត្ថិភាពនៅ ការដ្ឋានសំណង់ ក៏ដូចជាគុណភាពរបស់សំណង់ ដើម្បីធានាថានឹងគ្មានអគារណាមួយអាចនឹងរលំ ដួលដូចអគារកម្ពស់៧ជាន់ទៀតនោះទេ។

ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះហន្តរាយ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណចំពោះ កម្លាំងមកពីគ្រប់ផ្នែកប្រមាណជាង ១៧០០នាក់ ដែលបានចូលរួមក្នុងប្រតិបត្តិការរយៈពេល២ថ្ងៃកន្លះ ក្នុងការរុករកអ្នកជាប់កុននៅក្រោមគំនរបាក់បែក នៃអគារកម្ពស់៧ជាន់ ដែលបានដួលរលំកាលពីវេលា ម៉ោង៤៖៣០នាទីទៀបភ្លឺព្រឹកថ្ងៃទ២២ ខែមិថុនា ឆ្នាំ២០១៩ ដោយបានរកឃើញអ្នកស្លាប់ចំនួន២៨ នាក់ (ស្រី៤នាក់) និងអ្នករបួសចំនួន២៦នាក់ (ស្រី២នាក់)។

ក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានបង្ហាញពីការសោកស្តាយចំពោះឧបទ្ទវហេតុដែលបានកើតមានឡើងខាងលើ ហើយថាក្នុងនាមជាកង កម្លាំង នគរបាលចាំបាច់ត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីការពារ និងសង្គ្រោះប្រជាជន៕