ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ –កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយប្រតិភូអ្នកសារព័ត៌មានឥណ្ឌាដែលដឹកនាំដោយ លោក អ៊ិន ស៊ីតធូ (N. Sitlhou) លេខាទូតទី១ នៃស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនប្រតិភូអ្នកសារព័ត៌មានឥណ្ឌាថាអ្នកវិនិយោគឥណ្ឌា អាចវិនិយោគ លើវិស័យសំខាន់ៗជាច្រើននៅកម្ពុជាដូចជា ការអប់រំ បច្ចេកវិទ្យាទេសចរណ៍ និងសហគ្រាស ធុនតូច និងមធ្យមដោយសារបច្ចុប្បន្នកម្ពុជា កំពុងតែធ្វើទំនើបកម្មទៅលើវិស័យឧស្សាហកម្មចេញពីការប្រើ ប្រាស់កម្លាំង អតិបរិមាទៅជាការប្រើប្រាស់ជំនាញខ្ពស់នៅត្រឹមឆ្នាំ ២០២៥។ លើសពីនេះទៀតកម្ពុជាមាន គោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិនល្អជាងគេក្នុងតំបន់ដោយសារអ្នកវិនិយោគមិនត្រឹមតែអាច គ្រប់គ្រងជំនួញ និងប្រមូលប្រាក់ចំណេញបាន១០០% ប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចរីករាយជាមួយប្រព័ន្ធ អនុគ្រោះពន្ ធផ្សេងៗផ្តល់ដោយសហគមន៍អឺរ៉ុបសហរដ្ឋអាមេរិកប្រទេសចិន និងប្រទេសផ្សេងៗទៀត។
ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានគូសបញ្ជាក់បន្ថែមទៀតថា នៅក្រោមក្របខ័ណ្ឌភាពជាដៃគូសេដ្ឋកិច្ច ទូលាយកម្រិតតំបន់ (RCEP) រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយបើកចំហរជើងមេឃ ដើម្បីស្វាគមន៍រាល់ការហោះហើរដោយត្រង់ពីប្រទេសឥណ្ឌា សំដៅទាក់ទាញវិនិយោគិននិងភ្ញៀវទេសចរ ចូលមកទស្សនាប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានចែករំលែក ជាមួយប្រតិភូអ្នកសារព័ត៌មានឥណ្ឌាអំពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលសម្រេចបានក្នុងរង្វង់ ៧% រៀងរាល់ឆ្នាំក្នុងរយៈពេលមួយទសវត្សចុងក្រោយនិងលក្ខណៈពិសេសនៃទីតាំងភូមិសាស្ត្រសម្រាប់គម្រោង វិនិយោគតូចធំព្រមទាំងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) របស់កម្ពុជាឆ្នាំ (២០១៥-២០២៥) ថែមទៀត។ ដោយឡែក ប្រតិភូសារព័ត៌មានឥណ្ឌាបានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ចំពោះការ ចំណាយពេលវេលា ដើម្បីចែករំលែក ព័ត៌មានដ៏មានសារៈសំខាន់ហើយបានសន្យាថានឹងនាំយកព័ត៌មាន ទាំងនេះដើម្បីចែករំលែកជូនដល់អ្នកវិនិយោគិនឥណ្ឌា និងប្រជាជនឥណ្ឌាទាំងអស់ផងដែរ៕