អ្នកនាំពាក្យក្រសួងអប់រំ៖ តួលេខបណ្តោះអាសន្ន បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០១៩ កើនជិត៦ពាន់នាក់ ធៀបឆ្នាំ២០១៨


ភ្នំពេញ ៖ សម្រាប់ការប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ ឬបាក់ឌុប មានដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ តួលេខបណ្តោះអាសន្ន នៃបេក្ខជន មានចំនួន១១៩,២១៧នាក់ កើនឡើងជិត៦ពាន់នាក់ បើធៀបនឹងឆ្នាំ២០១៨។ នេះបើតាមការលើកឡើងរបស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។

លោក រស់ សុវាចា បានឲ្យដឹងតាមប្រព័ន្ធសារអេឡិចត្រូនិក នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះថា បើតាមរបាយការណ៍វឌ្ឍនភាព គិតត្រឹមសប្តាហ៍នៃខែកក្កដានេះ មានបេក្ខជនដាក់ពាក្យចូលរួមប្រឡង សរុប១១៩,២១៧ នាក់ កើន៥៨៥២នាក់ បើធៀបនឹងវត្តមានឆ្នាំ២០១៨ ក្នុងនោះបេក្ខជនស្រ្តី ចំនួន៦១០៣១នាក់។

សម្រាប់ថ្នាក់វិទ្យាសាស្ត្រមានបេក្ខជន ចំនួន៤៥៤១៤ (៣៨%) ស្រ្តី ២៥៥២៦នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៧៣៨០៣នាក់ (៦២%) ស្រ្តី៣៥៥៣៨នាក់។

អ្នកនាំពាក្យ បានឲ្យដឹងទៀតថា ចំពោះមណ្ឌលប្រឡងមានចំនួន២០២ កើន៦មណ្ឌលធៀបនឹងជាក់ស្តែងឆ្នាំ២០១៨ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ៧៥ ថយ២៤មណ្ឌល ធៀបនឹងជាក់ស្តែងឆ្នាំ២០១៨ និងថ្នាក់វិទ្យាសាស្ត្រសង្គម១២៧ កើន៣០មណ្ឌលធៀបនឹងជាក់ស្តែងឆ្នាំ២០១៩។ លោក រស់ សុវាចា ក៏បានឲ្យដឹងទៀតថា សម្រាប់បន្ទប់ប្រឡងមានចំនួន៤៨០៩ កើនឡើង១៥៤ ធៀបនឹងឆ្នាំ២០១៨។

យ៉ាងណាក្តីបើតាមអ្នកនាំពាក្រសួងអប់រំដដែលតួលេខខាងលើនេះមិនទាន់ជាតួលេខចុងក្រោយនោះទេ ដោយសារក្រសួងបានកំពុងចុះពិនិត្យ នៅតាមមណ្ឌលប្រឡង។
សូមជម្រាបថា សម័យប្រឡងបាក់ឌុបនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៩-២០សីហាខាងមុខនេះ ហើយក្រសួងបែងចែកមុខវិជ្ជាប្រឡងពីរផ្នែក គឺផ្នែកវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។

ថ្នាក់វិទ្យាសាស្រ្តសង្គមមានមុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា, ប្រវត្តិវិទ្យា, ភូមិវិទ្យា, ភាសាបរទេស, គណិតវិទ្យា, សីលធម៌ ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ។ ផ្នែកវិទ្យាសាស្ត្រមានមុខវិជ្ជា៖ ប្រវត្តិវិទ្យា, ជីវវិទ្យា, គីមីវិទ្យា, ភាសាបរទេស, អក្សរសាស្ត្រខ្មែរ, រូបវិទ្យា និងគណិតវិទ្យា។

សម្រាប់សម័យប្រឡងឆ្នាំ២០១៩នេះ ក្រសួងក៏បានកាត់បន្ថយមុខវិជ្ជាពី១០មុខមកត្រឹម៧មុខវិជ្ជាវិញ។ការបន្ថយមុខវិជ្ជានេះ ត្រូវបានអ្នកនាំពាក្យបញ្ជាក់ថា ដើម្បីបន្ថយបន្ទុកនិងការខ្វល់ខ្វាយរបស់បេក្ខជន៕