លោកជំទាវ បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ចាត់ក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារផ្ទុះថ្នាំសានលាយដាក់មៀនប៉ៃលិន(តាង៉ែន)


នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដឹកនាំដោយឯកឧត្តម ហុក សុផល អភិបាលរងខេត្ត និងជាអនុប្រធានកិត្តិយសសាខាកក្រកខេត្ត និងលោកជំទាវ ពៅ សុខ អនុប្រធានគណៈកម្មាធិការសាខា ក្នុងនាមលោកជំទាវ បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិការបស់លោកជំទាវតំណាងរាស្រ្ត ផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះមានឈ្មោះ អ៊ុត សុវណ្ណ ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយជនរងគ្រោះ គឺដោយសារផ្ទុះថ្នាំសានលាយដាក់មៀនប៉ៃលិន(តាង៉ែន) កាលពីល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ហើយបច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលជំងឺនៅពេទ្យសុវណ្ណ ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះក្រុមការងារបាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន ជូនដល់ជនរងគ្រោះ ដោយលោកជំទាវ សូមជូនពរឲ្យជនរងគ្រោះឆាប់ជាសះស្បើយពីជំងឺ និងលោកជំទាវ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាកសិករមានចំការមៀនប៉ៃលិន (តាង៉ែន) ទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់ថ្នាំបញ្ជាផល្លានុផលទាំងអស់ ដោយមុននឹងប្រើប្រាស់សូមពិគ្រោះប្រឹក្សាយោបល់ជាមួយមន្រ្តីជំនាញឲ្យបានច្បាស់លាស់ ចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុដូចករណីមួយនេះ ផងដែរ។