អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារជំនាញចុះពិនិត្យការសាងសង់លូរំដោះទឹក និងដាក់អណ្ដូងលូ ១២០ កន្លែង រំដោះទឹកភ្លៀង ដើម្បីបញ្ជៀសការកកស្ទះប្រព័ន្ធលូក្នុងក្រុងកំពង់ចាម


លូរំដោះទឹក ប្រវែង២.៩៤០ ម៉ែត្រ និងដាក់អណ្ដូងលូ ១២០ កន្លែងមុខកាត់ ១ ម៉ែត្រសងខាងផ្លូវ ស្ថិតនៅភូមិនាងគង្ហីង និងភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាមខេត្តកំពង់ចាមត្រូវបានរៀបចំសាងសង់ ឡើងនាពេលខាងមុខឆាប់ៗ ដែលជាលូរំដោះទឹកភ្លៀង ដើម្បីបញ្ជៀសការកកស្ទះប្រព័ន្ធលូក្នុងក្រុងកំពង់ចាម។

នាពេលរសៀល ថ្ងៃពុធ ៩ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យការសាងសង់លូរំដោះទឹក ប្រវែង២.៩៤០ ម៉ែត្រ និងដាក់អណ្ដូងលូ ១២០ កន្លែងមុខកាត់ ១ ម៉ែត្រសងខាងផ្លូវ ស្ថិតនៅភូមិនាងគង្ហីង និងភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាមខេត្តកំពង់ចាម ។

ដោយសារតែកន្លងមកក្នុងក្រុងកំពង់ចាម ក្រោយពេលមានមេឃភ្លៀងខ្លាំងម្តងៗ ធ្វើអោយប្រព័ន្ធលូក្នុងខេត្តមួយចំនួនមានការកកស្ទះ និងប្រព័ន្ធលូមួយចំនួនទៀតរំដោះទឹកភ្លៀងមិនទាន់ ដែលកត្តាទាំងអស់នេះបណ្តាលមកពីការកកស្ទះសំរាម និងដី ធ្វើអោយលូរំដោះទឹកមិនទាន់ ។
ដោយមើលឃើញបញ្ហាទាំងអស់នេះ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាទៅមន្ត្រីជំនាញ រៀបចំសាងសង់ប្រព័ន្ធលូបន្ថែមទៀតក្នុង សង្កាត់សំបួរមាស ដោយប្រព័ន្ធ លូរំដោះទឹកមាន ប្រវែង២.៩៤០ ម៉ែត្រ និងរៀបចំដាក់អណ្ដូងលូ ១២០ កន្លែងមុខកាត់ ១ ម៉ែត្រសងខាងផ្លូវ ស្ថិតនៅភូមិនាងគង្ហីង និងភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាមខេត្តកំពង់ចាម។