វគ្គទម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលតាមបែបវិមជ្ឍការសម្រាប់ក្រុមប្រឹក្សាក្រុង ស្រុក ដែលជាប់ឆ្នោតថ្មីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩


នាព្រឹកថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពីធីបើកវគ្គទម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលតាមបែបវិម្ឈការសម្រាប់ក្រុមប្រឹក្សាក្រុង ស្រុក ដែលជាប់ឆ្នោតថ្មីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩។ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង ស្រុកចំនួន ៣ រួមមាន៖ ក្រចេះ មណ្ឌលគិរី ស្ទឹងត្រែង និងអនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ព្រមទាំងសហការី ជាអ្នកសម្រួលសម្រួលវគ្គផងដែរ។

ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា វគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលតាមបែបវិមជ្ឈការ ដែលបានរៀបចំឡើងនាពេលនេះ គឺជាវគ្គពិសេសមួយសម្រាប់ផ្តល់នូវចំណេះដឹងសម្រាប់ជាជំនួយស្មារតីដល់ក្រុមប្រឹក្សា ដើម្បីក្រុមប្រឹក្សាអាចបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងគោលបំណងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយការឆ្លើយតប តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន សំដៅបង្កើត ជំរុញ និងធ្វើ៎ឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ព្រមទាំងរួមចំណែកបានក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃដែនសមត្ថកិច្ច ឲ្យកាន់តែប្រសើរ ប្រកបដោយសុខុមាលភាព វិបុលភាព និងសុខក្សេមក្សាន្ត៕