ពិធីជួបសំណេះសំណាល និងថ្លែងអំណរគុណដល់កងកម្លាំង


ឯកឧត្តម ហ៊ុន ម៉ានី រួមដំណើរជាមួយនឹងឯកឧត្តម សាយ សំអាល់ និងក្រុមការងារ​បានអញ្ជើញ​ចុះជួបសំណេះសំណាល និងថ្លែងអំណរ​គុណ​ចំពោះកងកម្លាំង ដែលបានចូល​រួមជួយ​សង្គ្រោះ​ជនរងគ្រោះក្នុងឧបទ្ទវហេតុរលំអគារ ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា​កន្លង​ទៅនេះ ចំនួន ៤១៥​នាក់ នៅកងទ័ពជើងទឹក​មូលដ្ឋានសមុទ្រ នាព្រឹកថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ២០១៩។

ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញពីការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះដែលបានបាត់បង់ជីវិត និងជនរងគ្រោះដែលរស់រានមានជីវិត ហើយកំពុង​សម្រាក​ព្យាបាលទាំងអស់។

ទន្ទឹមនឹងនោះ លោកក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់របស់ កងកម្លាំង ដោយលោកបានមានប្រសាសន៍ថា៖ ​« ពិតណាស់ អ្វីដែលបានកើតឡើង បានចប់ ផុត​ទៅ​ហើយ តែអ្វីដែលយើងទាំងអស់គ្នាចងចាំមិនភ្លេចនោះ គឺការលះបង់អស់ពីកម្លាំងកាយ​ ចិត្ត និងស្មារតីរបស់ក្រុមសង្គ្រោះ ដោយបានដាក់គោលដៅរួមមួយ គឺការជួយបងប្អូនប្រជាជន យើង​ដោយមិនចង់បានអ្វីតប។» បើទោះបីជាទំហំនៃការបាត់បង់​ មានវិសាលភាពធំធេង តែឧបទ្ទវហេតុនេះបានបង្ហាញ​ច្បាស់​​ពីការរួបរួមគ្នា​របស់គ្រួសារខ្មែរ​ នៅក្នុងកាល:ទេស:លំបាក ហើយបានបន្សល់នូវមេរៀន និងការ​ចងចាំសម្រាប់ប្រជាជន ជាពិសេសយុវជន។ លោក ហ៊ុន ម៉ានី បានមា​នប្រសាសន៍ថា៖​«ពូៗ បងប្អូន ពិតជាបានបន្សល់ទុក​នូវគម្រូវីរភាពនៃការរួមចិត្ត រួមកម្លាំង ការចេះជួយ​គ្នា​វិញ​ទៅ​មក​ ក្នុងនាមជាមហាគ្រួសារ​ខ្មែរតែ​មួយ ដល់យុវជនគ្រប់ៗរូប និងជាពិសេសដល់កូន​ចៅជំនាន់​ក្រោយ។»។

ជាមួយគ្នានោះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងពី ចំណាត់ការដ៏ម៉ឺងម៉ាត់ របស់ថ្នាក់ដឹកនាំ​ និងអាជ្ញាធរ​ ដើម្បីគ្រប់គ្រងកុំឲ្យមិនមានឧបទ្ទវហេតុដូចគ្នានេះកើតឡើងជាថ្មីម្តងទៀត។