ប្រធានរដ្ឋសភា លើកទឹកចិត្តដល់រាជរដ្ឋាភិបាលអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់បច្ចេកវិទ្យា កសិកម្ម ឧស្សាហកម្ម ដើម្បីធានាម៉ាក្រូសេដ្ឋកិច្ចជាតិ


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកទឹកចិត្តដល់ រាជរដ្ឋាភិបាល ឱ្យបន្តកិច្ចខិតខំពន្លឿន ការអនុវត្តកម្មវិធី និងអាទិភាពគោលនយោបាយសំខាន់ៗ ដូចជា បន្តអភិវឌ្ឍន៍ធនធានមនុស្ស លើកកម្ពស់វិស័យកសិកម្ម ឧស្សាហកម្ម ការងារវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីឱ្យកម្ពុជាមានប្រព័ន្ធរដ្ឋបាលសាធារណៈមួយ កាន់តែស្អាតស្អំ ឆ្លាតវៃ និងមានសមត្ថភាព អាចដោះស្រាយបញ្ហាសង្គម និងសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដែលអាចឱ្យកម្ពុជាសម្រេចបាននូវវឌ្ឍនភាព និងវិបុលភាព តាមការរំពឹងទុក សំដៅធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ និងនិរន្តភាព។

សម្តេចបានលើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាស្វែងយល់ពីការកសាងក្របខ័ណ្ឌគោល នយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។ សិក្ខាសាលានេះ សហការរៀបចំរវាងគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីតំណាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ អ្នកជំនាញ និងដៃគូអភិវឌ្ឍន៍ជាច្រើន។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហរិញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានលើកឡើងថា ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រៀបចំឡើងដោយផ្អែកលើលទ្ធផលសម្រេចបាន ក្នុងការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ និងលទ្ធផលនៃការអនុវត្តដើមឆ្នាំនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ក៏ដូចជាការវិភាគយ៉ាងល្អិតល្អន់ ស៊ីជម្រៅទាំងកត្តាខាងក្នុង និងកត្តាខាងក្រៅ ដែលអាចមានផលប៉ះពាល់ មកលើសេដ្ឋកិច្ចកម្ពុជា ដើម្បីដាក់ចេញនូវវិធានការដោះស្រាយ និងការធ្វើអន្តរាគមន៏ ក្នុងគោលបំណងបន្តធានាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចីរភាពកំណើន និងពង្រឹងភាពធន់ និងមានភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ច។

ឯកឧត្តមប្រធានគណៈកម្មការ បានលើកឡើងបន្តថា យោងរបាយការណ៍ធនាគារពិភពលោក ក៏ដូចជា ក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ បានបង្ហាញថា នៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចពិភពលោក នឹងមានកំណើនទាប ក្នុងរង្វង់៣,៦% ដោយសារភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មជាសកល និងការបន្តភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន ដែលបង្កជាហានិភ័យកាន់តែខ្ពស់ជាងមុនមកលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុតំបន់ និងសកលលោក។ ការបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៏មួយចំនួន និងការថយចុះជាងការរំពឹងទុកនូវកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ក៏អាចនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកកាន់តែទាបផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជម្រាបសិក្ខាសាលាថា ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ កម្ពុជាបន្តរក្សាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុរឹងមាំ ដែលទំាងអស់នេះ គឺជាមូលដ្ឋានមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេស។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្រ្តី នៅក្នុងឆ្នាំ២០១៨ អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា សម្រេចបាន ៧,៥% ដែលជាកំណើនមួយខ្ពស់បំផុត នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។ ទន្ទឹមនឹងនេះ អត្រាអតិផរណាមធ្យមប្រចំាឆ្នាំ ត្រូវបានគ្រប់គ្រងឱ្យស្ថិតនៅក្នុងកម្រិតទាប ប្រមាន ២,៥%។ នៅក្នុងឆ្នាំ២០១៨ កន្លងទៅ ចំណូលចរន្តថវិកាជាតិមានការកើនឡើងល្អប្រសើរ ក្នុងអត្រាប្រមាណ២០,៤% ដែលធ្វើឱ្យចំណូលចរន្តនៃថវិកាជាតិ មានទំហំស្មើនឹងប្រមាណ ២១,៩៦%នៃ ផសស។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៩នេះ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវរំពឹងទុកថា នឹងមានក្នុងរង្វង់៧,១%។ រាជរដ្ឋាភិបាលបានដាក់ចេញ និងជំរុញអនុវត្តវិធានការមុតស្រួចជាកញ្ចប់ សំដៅពន្លឿនការកែទម្រង់ជាច្រើន ដូចជាការបញ្ចុះថ្លៃអគ្គិសនី ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងការកាត់បន្ថយចំណាយផ្លូវការ និងផ្លូវការក្នុងការធ្វើធុរកិច្ចជាដើម ក្នុងគោលដៅលើកកម្ពស់បរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច ដើម្បីបង្កើនទំនុកចិត្ត និងទាក់ទាញវិនិយោគគិន ទំាងក្នុងនិងក្រៅប្រទេស ដើម្បីឱ្យកម្ពុជាសម្រេចបាន នូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

សិក្ខាសាលាស្វែងយល់ពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ មានវាគ្មិនជំនាញ បានមកធ្វើបទបង្ហាញពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា ពិសេសប្រភពទុនកម្ពុជា នៅក្នុងឆ្នាំ២០២០ ដែលនឹងតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ឱ្យបានតាមការកំណត់របស់ច្បាប់។

មានប្រសាសន៍បើកសិក្ខាសាលានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានកោតសរសើររាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០១៨ ប្រកបដោយភាពត្រឹមត្រូវ និងសមស្រប ធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងកំណើនប្រកបដោយចីរភាព និង បរិយាប័ន្ន និងបានជំរុញដល់ការវិនិយោគទាំងក្នុងស្រុក និងវិនិយោគផ្ទាល់ពីបរទេស ហើយបានធ្វើឱ្យកំណើនសេដ្ឋកិច្ច សម្រេចបានលើសពីការរំពឹងទុក រហូតដល់ ៧,៥%។

ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកទឹកចិត្តដល់រាជរដ្ឋាភិបាលក្នុងការបន្ត និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរក្សា និងធានានូវកំណើនសេដ្ឋកិច្ចខ្ពស់ រឹងមាំ និងមាននិរន្តភាព និងអាចដោះស្រាយបញ្ហាប្រឈមនានា។ សម្តេចបានជំរុញដល់រាជរដ្ឋាភិបាល បន្តអភិវឌ្ឍ និងការគ្រប់គ្រងធនធានមនុស្ស ក្នុងវិស័យសាធារណៈ ឱ្យកាន់តែប្រសើរ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ នៃចរន្តវិវត្តន៍សេដ្ឋកិច្ចតំបន់ និងសកលលោក។ បន្តអភិវឌ្ឍវិស័យកសិកម្ម ដោយផ្តោតលើកាតបង្កើនផលិតភាព ពិពិធកម្ម ការកែច្នៃកសិផល និងពាណិជ្ជរូបនីយកម្ម។

ជាមួយគ្នានេះ សម្តេចបានលើកទឹកចិត្តរាជរដ្ឋាភិបាលបន្តអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅបង្កើនសង្វាក់ផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ ក្នុងនោះការបន្តរៀបចំផែនការមេក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងគោលដៅលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ចូលក្នុងទីផ្សារអន្តរជាតិ និងត្រៀមចំពោះហានិភ័យនានា ដែលអាចកើតមានជាយថាហេតុ។ លើកទឹកចិត្ត និងគាំទ្រដល់ការធ្វើការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែប្រសើរ សំដៅលើកកម្ពស់គុណភាពនិងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋនៅគ្រប់ស្រទាប់វណ្ណៈ។

ដើម្បីរួមចំណែក និងគាំទ្រដល់រាជរដ្ឋាភិបាលក្នុងដំណើរការកសាង និងអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់ស្ថាប័ននីតិប្បញ្ញត្តិ បន្តលើកកម្ពស់តួនាទី និងភារកិច្ចរបស់ខ្លួន ផងដែរ។

សម្តេចលើកឡើងថា រដ្ឋសភានិងព្រឹទ្ធសភា ត្រូវបន្តការសិក្សា ស្រាវជ្រាវ និងផ្តួចផ្តើមគំនិតធ្វើច្បាប់ ឬវិសោធនកម្មច្បាប់នានា ដែលមានភាពខ្វះចន្លោះ ឬមិនទាន់ស្របទៅនឹងសភាពការណ៍ សំដៅបង្កើនប្រសិទ្ធភាពនៃការអនុវត្ត ជាពិសេសច្បាប់នានាដែលទាក់ទងនឹងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បន្តលើកកម្ពស់តួនាទីតាមដាន ត្រួតពិនិត្យ។ បន្តលើកកម្ពស់តួនាទីភាពជាតំណាងប្រជាពលរដ្ឋ ដោយត្រូវស្វែងយល់ពីក្តីកង្វល់ កង្វះខាត និងភាពប្រឈមរបស់ប្រជាពលរដ្ឋនៅតាមមណ្ឌលរបស់ខ្លួន ឱ្យកាន់តែសកម្ម ដើម្បីធានាបាននូវភាពសុខដុម និងវិបុលភាពជូនប្រជាពលរដ្ឋ ជាដើម៕