ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ដង្ហែទៀនព្រះវស្សាប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាចំនួន ០៨ វត្ត នៅក្នុងខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុម
ប្រឹក្សាខេត្ត ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ ជុំវិញខេត្ត នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ បាននាំយក ទេយ្យទាន ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យ មកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន ០៨វត្ត នៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីជួយទំនុកបំរុង និងបង្កលក្ខណៈងាយស្រួលសម្រាប់ព្រះសង្ឃនៅពេលកាន់ព្រះវស្សានេះ។ ពិធីចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះ ពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យឲ្យបានខ្ជាប់ខ្ជួន តាមពុទ្ធ ឱវាទរយ:ពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានគូសបញ្ជាក់ថា៖ ការដង្ហែទៀនព្រះវស្សាយកមកវេរប្រគេនព្រះសង្ឃ នាពេលនេះ គឺជាការគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ដើម្បីព្រះសង្ឃ យកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និង សិក្សារៀនសូត្រនូវគម្ពីធម៌ វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចំរើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទ មានជីវភាពធូរធា បានចូលរួមកសាងទីវត្តអារ៉ាម ឲ្យមានការ អភិវឌ្ឍយ៉ាងល្អប្រសើរ។ សមិទ្ធផលដ៏មានតម្លៃទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយតម្កល់អត្ថប្រយោជន៍ជាតិ និងប្រជាជនជាធំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបប្រទេសជាតិ យើងមានការអភិវឌ្ឍន៍ រីកចម្រើននៅគ្រប់ទីកន្លែង ទូទាំងប្រទេស ដូចជា ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ ជាដើម។ ក្នុងនោះវិស័យព្រះពុទ្ធសាសនានៅកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់រហូតបច្ចុប្បន្ន ហើយទីអារាម គឺជាកន្លែងព្រះសង្ឃ ពុទ្ធបរិស័ទទូទៅធ្វើការអប់រំ ទាំងផ្លូវ កាយផ្លូវចិត្តឲ្យចេះ ធ្វើតែអំពើល្អ រក្សាវប្បធម៌ ប្រពៃណីជាតិ ឲ្យបានគង់វង្សយូរអង្វែង។

នៅក្នុងឱកាសនោះគណៈអធិបតីប្រគេនទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យមកប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តចំនួន ០៨វត្ត នៅក្នុងខេត្តកំពង់ឆ្នាំង ដោយក្នុងមួយវត្តប្រគេន អង្ករ៥០គីឡូក្រាម ទឹកត្រី១កេះ ទឹកស៊ីអ៊ីវ១កេះ មី២កេះ ទឹកក្រូច២កេះ ទឹកសុទ្ធ២កេះ ទៀនវស្សា១គូ សាដក១ និង បច្ច័យចំនួន ៣០ម៉ឺនរៀល ដោយឡែកវត្តអារញ្ញការ៉ាមឯកឧត្តមបានប្រគេនបច្ច័យចំនួន ៣លានរៀលផងដែរ ៕