សម្តេច សាយ ឈុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា


ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកិច្ចប្រជុំ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរបៀបវារៈ ដូចខាងក្រោម៖
១. ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៥ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣។
២. កំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៩ព្រឹទ្ធសភា នីតិកាលទី៣។
ចំពោះរបៀបវារៈទី១ បន្ទាប់ពីបានស្តាប់ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម រាយការណ៍អំពីលទ្ធផល នៃកិច្ចប្រជុំពិនិត្យសិក្សា លើសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ និងដោយអង្គប្រជុំមិនមានយោបល់ពិភាក្សាបន្ថែមទៀតនោះ អង្គប្រជុំបានអនុម័តយល់ព្រមតាមសំណើរបស់គណៈកម្មការទី២ ដាក់សេចក្តីព្រាងច្បាប់នេះ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ព្រឹទ្ធសភា នីតិកាលទី៣ ដើម្បីពិនិត្យ និងអោយយោបល់ដោយចាត់ទុកជាការប្រញាប់។
ចំពោះរបៀបវារៈទី២ អង្គប្រជុំក៏បានអនុម័ត កំណត់យកកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣ នៅថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ០៨:០០នាទីព្រឹក ដោយមានរបៀបវារៈតែ១គត់គឺ៖
១. ពិនិត្យ និងអោយយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៥។