ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ៤ឆ្នាំចុងក្រោយកើនឡើងបន្តបន្ទាប់


ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានអះអាងថា ការនាំទំនិញចេញរបស់កម្ពុជា បានកើនទ្បើងជាលំដាប់ ដោយក្នុងនោះទឹកប្រាក់នាំចេញទំនិញឆ្នាំ ២០១៣ មានចំនួន ៦,៩ពាន់លានដុល្លារ, ឆ្នាំ ២០១៤ ចំនួន ៧ពាន់លានដុល្លារ និងឆ្នាំ ២០១៥ ចំនួន ៨,៥ ពាន់លានដុល្លារ។ សម្រាប់រយៈពេល ៦ខែ ដើមឆ្នាំ២០១៦ មានចំនួន ៤,៦ពាន់លានដុល្លារ គឺបានកើនទ្បើងចំនួន ០,៣៨ពាន់ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៥។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញធ្វើជាអធិបតីនៅក្នុងពិធីសម្ពោធពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្តមួយ ផលិតផលមួយកម្ពុជា លើកទី១១ ឆ្នាំ២០១៦ ដែលរៀបចំឡើងនៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម, បង្កើតឱកាសទីផ្សារ, បង្ហាញបរិយាកាសធុរកិច្ច និងសក្ដានុពលវិនិយោគល្អប្រសើរនៅកម្ពុជា។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្ថែមទៀតថា ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់បរិយាកាសធុរកិច្ច ក្រសួងពាណិជ្ជកម្មបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធស្វ័យប្រវត្តិកម្មសំខាន់ៗ និងការបង់ចំណាយលើសេវាតាមប្រព័ន្ធ e-payment នៅទូទាំងប្រទេស ហើយបានកំពុងប្រឹងប្រែងជំរុញការរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់វិស័យពាណិជ្ជកម្ម ដើម្បីបង្កើនការទាក់ទាញវិនិយោគថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ពាណិជ្ជករ សហគ្រិន និងវិនិយោគិន ទាំងក្នុងស្រុកនិងក្រៅប្រទេស ពិចារណាវិនិយោគលើវិស័យអាទិភាពដូចជា កសិ-ឧស្សាហកម្ម, ឧស្សាហកម្មកែច្នៃ, ទូរគមនាគមន៍ និងដឹកជញ្ជូន, ឧស្សាហកម្ម និងថាមពល, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងទេសចរណ៍ ដើម្បីទទួលបានការអនុគ្រោះពន្ធរយៈពេលវែង និងការលើកទឹកចិត្តផ្សេងៗពីរដ្ឋាភិបាល។
សូមបញ្ជាក់ថា ពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្តមួយ ផលិតផលមួយកម្ពុជា ឆ្នាំនេះ មានដាក់តាំងទំនិញក្នុងស្រុក និងទំនិញនាំចូលដែលមានគុណភាពសរុបចំនួន ៣២៣ស្តង់ ក្រោមការចូលរួមសហការពីប្រទេសថៃ, ចិន (ខេត្តយូណាន់ និងហ្វូជាន), កូរ៉េខាងត្បូង វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងឆេក ព្រមទាំងក្រុមហ៊ុន អង្គការ-សមាគម និងមន្ទីរពាណិជ្ជកម្មទាំង ២៥ រាជធានី-ខេត្ត។ ពិព័រណ៌នេះ ក៏មានរៀបចំជំនួបពាណិជ្ជកម្ម, វេទិកាវិនិយោគ, សិក្ខាសាលា, ពិធីចុះហត្ថលេខាលើគម្រោងវិនិយោគនានា ដើម្បីផ្តល់ឱកាសជូនពាណិជ្ជករ អ្នកវិនិយោគ ក្នុងការចាប់ដៃគូ និងដាក់ទុនវិនិយោគរួមគ្នាផងដែរ៕