ការប្រមូលផលស្រូវរដូវវស្សាទូទាំង ២៥រាជធានី-ខេត្តកើនដល់ជិត២លានហិចតា បានទិន្នផលជិត៦លានតោន គិតត្រឹមថ្ងៃ១៥ធ្នូនេះ


(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ ការប្រមូលផលស្រូវរដូវវស្សាទូទាំង ២៥រាជធានី-ខេត្ត របស់ប្រជាកសិករខ្មែរ បានលាតសន្ធឹងលើផ្ទៃដី ជិត២លានហិចតាហើយ ស្មើនឹង ៧៤.៣៦ភាគរយ សម្រេចបានបរិមាណផលសរុប ជិត៦លានតោន, នេះបើតាមតួលេខក្រៅផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម។
របាយការណ៍របស់ក្រសួងធនធានទឹក បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែធ្នូនេះ លទ្ធផលការងារប្រមូលផលស្រូវវស្សា ចុងឆ្នាំ២០១៦នេះ (តួលេខក្រៅផ្លូវការ) មានចំនួនសរុប «១,៩២៣,៨៤៩ហិចតា» ស្នើនឹង ៧៤.៣៦ភាគរយ សម្រេចបានបរិមាណផលសរុបចំនួន «៥,៧៩៥,៨៣៤តោន»។
ចំពោះខេត្តដែលប្រមូលផលស្រូវវស្សាបានច្រើនជាងគេ មានដូចជាខេត្តព្រៃវែង ប្រមូលបានចំនួន «៦៥២,១៧៥តោន» លើផ្ទៃដី ២១៣,៨៣៨ហិចតា, ខេត្តបាត់ដំបង ប្រមូលបានចំនួន «៦២៣,៣០៥តោន» លើផ្ទៃដី ១៨៣,៣២៥ហិចតា និងខេត្តបន្ទាយមានជ័យ ប្រមូលបានចំនួន «៥៦២,២៨៧តោន» លើផ្ទៃដី ១៨៧,៤២៩ហិចតា។
ចំណែកឯ ខេត្តដែលប្រមូលផលស្រូវវស្សាបានតិចជាងគេនោះ មានខេត្តកែប ប្រមូលបានតែ «១០,២០៦តោន» និងខេត្តប៉ៃលិន ប្រមូលបានតែ «១២,២៨៥តោន» ប៉ុណ្ណោះ ម្យ៉ាងដោយសារខេត្តទាំងនេះ មានផ្ទៃដីតូចជាងគេផងដែរ។
ចំពោះរាជធានីភ្នំពេញ ក្នុងរយៈពេលដូចគ្នានេះ ការប្រមូលផលស្រូវវស្សាសម្រេចបាន «១៩,៥៤២តោន» ស្មើនឹង ៦៩.០៥ភាគរយ លើផ្ទៃដី ៧,១០៦ហិចតា។
សូមជម្រាបថា ផែនការនៃការប្រមូលផលស្រូវរដូវវស្សា ទូទាំងប្រទេសកម្ពុជា មានដល់ទៅ «២,៤៥,២៤១ហិចតា» ស្នើនឹង ១០៥.៤១ភាគរយ៕