ឯកឧត្តមកែវ ពៅ បានជម្រុញអោយមន្រ្តីជំនាញបង្កើនប្រសិទ្ធភាពផ្តល់សេវាសាធារណៈជូនពលរដ្ឋអោយមានតម្លាភាពនិងទាន់ពេលវេលា


កំពង់ឆ្នាំងៈឯកឧត្តម កែវ ពៅប្រធានមន្ទីរសាធារណ
ការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានជំរុញ អោយមន្រ្តីជំនាញទាំងអស់ត្រូវបង្កើនប្រសិទ្ធិភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ អោយមានតម្លាភាពនិងទាន់ពេលវេលាលើវិស័យសាធារណៈការនិងដឹកជញ្ជូន ដែលវិស័យមួយនេះកំពុងតែទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋក្នុងពេលដែលមកទទួលសេវាសាធារណៈនៅមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីខេត្តនៅទូទាំងប្រទេស ។

ឯកឧត្តមកែវ ពៅ បានជំរុញបែបនេះពេលនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្តាហ៍ទី២ខែកក្កដា ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តការងារបន្តរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នាព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម កែវ ពៅ ក៏បានបញ្ជាក់ទៀតថាៈបច្ចប្បន្នមន្ទីរសាធារណការនិងដឹក ជញ្ជូនខេត្តកំពង់ឆ្នាំងគឺបានផ្តល់សេវាប្រកបដោយតម្លាភាព មិនលម្អៀង គ្មានការរើសអើង ចំពោះសេវាសាធារណៈ នៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេយានយន្ត ការផ្តល់ស្លាកលេខយានយន្ត ប្រឡងយកប័ណ្ណបើកបរ ការផ្ទេរកម្មសិទ្ធ និង មានវិស័យជាច្រើនទៀត ដែលកំពុងប្រតិបត្តិការនៅក្នុងអង្គភាពរបស់មន្ទីរសាធារណ
ការនិងដឹកជញ្ជូន ។

ពាក់ព័ន្ធ ទៅនឹងហេដ្ឋារចនាសម្ព័ន្ធ ស្ពានផ្លូវថ្នល់វិញ ឯកឧត្តម កែវ ពៅ បានគូសបញ្ជាក់ថា កន្លងមកនេះ មន្រ្តីជំនាញនៃមន្ទីរសាធារណការខេត្តបានខិតខំបំពេញបេសកកម្មយ៉ាងយកចិត្តទុកដាក់ ក្នុងការធ្វើអោយប្រសើរឡើងលើវិស័យផ្លូវថ្នល់ ទាំងការជួសជុល ការសាងសង់ ធ្វើយ៉ាងណាពង្រឹងគុណ
ភាពជាចំបងដើម្បីធានាអោយ បាននូវការប្រើប្រាស់ធនមាំនិងត្រូវសិក្សាដាក់ភ្លើងស្តុបក្នុងក្រុងកំពង់ឆ្នាំងក្នុងការបញ្ជៀសកុំអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

ឯកឧត្តម កែវ ពៅ បានផ្តាំផ្ញើដល់មន្រ្តីជំនាញត្រូវចុះធ្វើការផ្សព្វផ្សាយតាមគ្រប់រូបភាពស្តីពីច្បាប់ចរាចរណ៍ដល់គ្រប់មូលដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំងអោយប្រជាពលរដ្ឋបានយល់និងចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍អោយនៅកម្រិតទាបបំផុតក្នុងឆ្នាំ២០១៩នេះ៕