ឯកឧត្តម ផៃ ស៊ីផាន បានសម្ដែងនូវការសោកស្ដាយ និងចាត់ទុកច្បាប់នេះ ជាទង្វើប្រឆាំងសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់កម្ពុជា


ភ្នំពេញ៖ បន្ទាប់ពីសភាជាន់ទាប សហរដ្ឋអាមេរិកបានអនុម័តជាឯកច្ឆ័ន្ទនូវច្បាប់ ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា ដើម្បីដាក់ទណ្ឌកម្ម មន្ត្រីរដ្ឋាភិបាលនោះ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងនូវការសោកស្ដាយ និងចាត់ទុកច្បាប់នេះ ជាទង្វើប្រឆាំងសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់កម្ពុជា ។

សូមរំលឹកថា កាលពីថ្ងៃទី១៦ កក្កដា សភាជាន់ទាបសហរដ្ឋអាមេរិក បានអនុម័តជាឯកច្ឆ័ន្ទនូវច្បាប់ ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា ដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលគេសន្មត់ថា មានការជាប់ពាក់ព័ន្ធ ទៅនឹង ការធ្លាក់ចុះ ឬដើរថយក្រោយ នៃលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាក្នុងរយៈពេលជាង ២ឆ្នាំមកនេះ។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ កក្កដានេះឯកឧត្តម ផៃ ស៊ីផាន បានមានប្រសាសន៍ថា ជាការគួរឱ្យភ្ញាក់ផ្អើល និងសោកស្តាយ នៅពេលដែលខ្ញុំ ទទួលបានព័ត៌មាន តាមរយៈសារព័ត៌មាន ស្តីពីសេចក្តីស្នើច្បាប់របស់ សភាថ្នាក់ក្រោមអាមេរិក ដែលបានបញ្ចប់ក្នុងនីតិវិធីរបស់ខ្លួន ។

អ្នកនាំពាក្យបញ្ជាក់ថា “ខ្ញុំចាត់ទុកច្បាប់នេះ មានចរិតនយោបាយ និងគោលបំណងប្រឆាំងទៅនឹង សុច្ឆន្ទៈនយោបាយរបស់ប្រជាជនកម្ពុជា ដែ​លបានជ្រើសរើស មេដឹកនាំខ្លួន តាមផ្លូវច្បាប់ តាមរយៈដំណើរការបោះឆ្នោត ប្រកបដោយសន្តិភាព និងប្រជាធិបតេយ្យ។ ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មិនអាចទទួលយកបានទេ ដោយសារតែសេចក្តី ស្នើច្បាប់នេះ បានធ្វើឡើងផ្អែកទៅលើ ការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន ច្បាស់លាស់ បង្ហាញតែមហិច្ឆិតា នយោបាយជាប្រវត្តិប្រឆាំង នឹងរដ្ឋាភិបាលកម្ពុជា តែបុណ្ណោះ។ សេចក្តីស្នើច្បាប់នេះ ជាទង្វើប្រឆាំងសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ព្រះរាជាណាចក្រកម្ពុជា” ។

ឯកឧត្តម ផៃ ស៊ីផាន ក៏បានអំពាវនាវ ទាំងស្ថាប័ននីតិបញ្ញត្តិ និងរដ្ឋាភិបាល សហរដ្ឋអាមេរិក ឲ្យធ្វើការពិចារណាឡើងវិញ នូវជំហររបស់ខ្លួន សម្រាប់ប្រទេសកម្ពុជា ដើម្បីជា ផលប្រយោជន៍នៃ ការថែរក្សាទំនាក់ទំនងល្អនិងគ្នា ក៏ដូចជាផលប្រយោជន៍ ទៅវិញទៅមក សម្រាប់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ឯកឧត្តមរំពឹងទុកថា ព្រឹទ្ធសភាអាមេរិក ក៏ដូចជាប្រធានាធិបតី សហរដ្ឋអាមេរិក ដែលជាអំណាចនីតិប្រតិបត្តិ ច្បាស់ជាយកចិត្តទុកដាក់ ចំពោះទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ ដែលប្រជាជាតិទាំងពីរ បាននឹងកំពុងតែខិតខំប្រឹងប្រែង ដើម្បីបន្តរក្សាផលប្រយោជន៍ រួមគ្នាជាដាច់ខាត ។

សូមរំលឹកថា សេចក្តីស្នើច្បាប់ស្តីពី លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា (Cambodia Democracy Act) ឬ H.R. 526 មានការគាំទ្រ ដោយគណបក្សធំៗទាំងពីរ នៅសហរដ្ឋអាមេរិក ហើយមានគោលបំណង ជំរុញឱ្យមានការបោះឆ្នោត ដោយសេរីនិងត្រឹមត្រូវ គោរពសិទ្ធិសេរីភាព នយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា។ ច្បាប់នេះតម្រូវឲ្យដាក់ ទណ្ឌកម្ម សេដ្ឋកិច្ចនិងទិដ្ឋាការលើមន្ត្រីយោធានិងស៊ីវិល កម្ពុជាណដែលបានបំផ្លាញ លទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស ។ នេះជាការអនុម័ត ច្បាប់ជំហ៊ាន ដំបូងដោយសភា ជាន់ទាប ហើយបន្ទាប់មកទៀត គឺតម្រូវឲ្យមានការពិនិត្យ និងអនុម័តដោយសភាជាន់ខ្ពស់ (ព្រឹទ្ធសភា) មុននឹងបញ្ជូនទៅប្រធានាធិបតីចុះហត្ថលេខា និងប្រកាសសុពលភាពច្បាប់ ៕