ឯកឧត្តម ផៃ ប៊ុនឈឿន បានដឹកនាំកិច្ចប្រជុំក្រុមការងារវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យបរិស្ថាន


នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំក្រុមការងារវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យបរិស្ថាន។ កិច្ចប្រជុំក្រុមការងារវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យបរិស្ថាន ប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងបរិស្ថាន និង តំនាងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ តាមដាន និងផ្តល់យោបល់លើការកសាង លក្ខណៈវិនិច្ឆ័យ លក្ខណៈវិនិច្ឆ័យរង និងសូចនាករ របស់អនុគណកម្មការនីមួយៗ។
អង្គប្រជុំបានសម្រេចដាក់ចេញផែនការដូចខាងក្រោម៖ ១. កណត់ទទួលយក លក្ខណៈវិនិច្ឆ័យ លក្ខណៈវិនិច្ឆ័យរង និងសូចនាករ របស់អនុគណកម្មការត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩
២. កំណត់យកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីប្រជុំត្រួតពិនិត្យបច្ចេកទេសចុងក្រោយ ជាមួយតំណាងក្រសួងមុខងារសាធារណៈ និងរៀបចំឯកសារដាក់ជូនឯកឧត្តមរដ្ឋមន្ត្រី ដើម្បីរៀបចំពិធីប្រកាសចាប់ផ្តើមអនុវត្តការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យបរិស្ថាននាដើមខែសីហានេះ។