ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុនមីឆែលីន និងក្រុមហ៊ុនវើលដ៍ប៊្រីជ ត្រេឌីង ស្ដីពីការបង្កើនសុវត្ថិភាពចរាចរណ៍នៅលើផ្លូវថ្នល់ ក្នុងព្រះរាជាណាចក្រកម្ពុជា


ថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុនមីឆែលីន និងក្រុមហ៊ុនវើលដ៍ប៊្រីជ ត្រេឌីង ស្ដីពីការបង្កើនសុវត្ថិភាពចរាចរណ៍នៅលើផ្លូវថ្នល់ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកជំទាវឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក Segsam Trai-ukos អគ្គលេខាធិការក្រុមហ៊ុន Michelin ROH Co., Ltd លោកឧកញ៉ាសៀ រិទ្ធី ប្រធានក្រុមហ៊ុនវើលដ៍ប៊្រីជ ត្រេឌីង ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។

កម្មវិធីនេះរៀបចំឡើងដើម្បីបង្កើតកិច្ចសហការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមគម្រោង “សុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ក្រុមហ៊ុន Michelin” ក៏ដូចជាគាំទ្រដល់យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិកម្ពុជាផងដែរ។

សូមបញ្ជាក់ថា៖ គម្រោង “សុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ក្រុមហ៊ុន Michelin” មានរយៈពេល២ឆ្នាំ ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខាងមុខ ក្រោមការគាំទ្រហិរញ្ញវត្ថុ ចំណេះធ្វើ និងជំនាញបច្ចេកទេសពីក្រុមហ៊ុន Michelin ROH សម្របសម្រួលគម្រោង និងផ្ដល់វិភាគទានហិរញ្ញវត្ថុដោយក្រុមហ៊ុន WorldBridge។ ដោយឡែកក្រសួងសាធារណការ និងដឹកជញ្ជូនជាអ្នកផ្ដល់ការគាំទ្រពេញលេញ និងអនុម័តឱ្យអនុវត្តគម្រោងនេះ។

ថ្លែងក្នុងពិធីនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី តាំងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា គ្រោះថា្នក់ចរាចរណ៍បានសម្លាប់ប្រជាពលរដ្ឋខ្មែរប្រមាណ៦នាក់ក្នុងមួយថ្ងៃ និងបានបំផ្លាញទ្រព្យសម្បត្តិជាង៤០០លានដុល្លារក្នុងមួយឆ្នាំ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា គ្រោះថ្នាក់ទាំងនោះបណ្ដាលមកពីកត្តាជាច្រើនដូចជា៖ កត្តាអ្នកបើកបរ កត្តាយានយន្ត ការមិនគោរពច្បាប់ និងកត្តាផ្លូវជាដើម។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា ក្រសួងបានបំពាក់កាមេរ៉ាចាប់ល្បឿននៅតាមផ្លូវសំខាន់ៗមួយចំនួន ក្នុងករណីបើកបរលើសល្បឿនកំណត់ រថយន្តនោះនឹងត្រូវផាកពិន័យដល់ផ្ទះ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន យករថយន្តទៅឆៀកឱ្យបានតាមពេលកំណត់ និងបើកបរដោយមិនស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅដល់លោកជំទាវឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក្រុមហ៊ុនមីឆែលីន និងក្រុមហ៊ុនវើលដ៏ប្រ៊ីជ ដែលបានផ្ដួចផ្ដើមឱ្យមានគម្រោងនេះឡើង។

ឯកឧត្ដមទេសរដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថា គម្រោងនេះនឹងជួយជំរុញឱ្យយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិកម្ពុជា ទទួលបានជោគជ័យខ្ពស់។